ទីក្រុងតូចៗតាមតំបន់ភ្នំ និងរមណីយដ្ឋាននានារបស់រដ្ឋកាលីហ្វនីញ៉ា(California) សហរដ្ឋអាមេរិក បានជួបប្រទះស្ថានភាពអាកាសធាតុធ្ងន់ធ្ងរបន្ទាប់ពីព្រិលធ្លាក់គ្របដណ្ដប់ ហើយផ្លូវសំខាន់ៗ ត្រូវបាន កប់ដោយព្រិលកម្រាស់ជាច្រើនហ្វីត។
ព្យុះព្រិលបានវាយប្រហារតំបន់ភ្នំរយៈពេលជាច្រើនថ្ងៃ មុនពេលធូស្រាលកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ។

ស្ថានភាពអាកាសធាតុធ្ងន់ធ្ងរបំផុតបានវាយប្រហារដោយនាំមកនូវព្រិលកម្រាស់ខ្ពស់បំផុតនៅតំបន់ជួរភ្នំ ស៊ៀរ៉ា ណេវ៉ាដា (Sierra Nevada) ជាទីដែលព្រិលធ្លាក់កម្រាស់១០ហ្វីត និងនាំព្យុះសង្ឃរាកម្លាំងខ្យល់១៧០គីឡូម៉ែត្រក្នុងមួយម៉ោង។
ការធ្លាក់ព្រិលបន្ថែមទៀត នឹងធ្វើឲ្យកម្រាស់ព្រិលកើនឡើងនៅតំបន់រដ្ឋកាលីហ្វនីញ៉ាខាងជើងនៅថ្ងៃពុធសប្ដាហ៍នេះ ខណៈព្យុះថ្មីមួយបានបោកបក់ចូលទៅក្នុងតំបន់នេះ ហើយទោះបីជាមានក្ដីរំពឹងថានឹងមានការធ្លាក់ព្រិលទ្រង់ទ្រាយតូចជាងមុន ក៏នឹងអាចបណ្ដាលឲ្យប៉ះពាល់ដល់ការធ្វើដំណើរកាន់តែខ្លាំងនៅទូទាងតំបន់ដែរ។

ក្រុមមន្ត្រីនិយាយថា នៅក្នុងតំបន់ បឹង South Lake Tahoe ជាទីដែលមានព្រិលធ្លាក់កម្រាស់៣ទៅ៥ហ្វីត បានបណ្ដាលឲ្យរថយន្តជាច្រើនគ្រឿងជាប់ ហើយបានបិទផ្លូវហាយវ៉េមួយរយៈកាលពីព្រឹកថ្ងៃអាទិត្យក្នុងរដ្ឋ California។ពុំមានសេចក្ដីរាយការណ៍ពីអ្នករបួសទេ ហើយមិនយូរប៉ុន្មានផ្លូវនោះក៏បានបើកឡើងវិញ៕