កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤នេះ នៅសាលាដំបូងខេត្តកំពង់ឆ្នាំង បានបើកយុទ្ធនាការធ្វើតេស្តរកសារធាតុញៀនដល់មន្ត្រីទាំងអស់ បូករួមទាំងឯកឧត្តមប្រធានសាលាដំបូង និងឯកឧត្តមព្រះរាជអាជ្ញាផង ដែលជាលទ្ធផល គឺរកពុំឃើញមានថ្នាក់ដឹកនាំ ឬមន្ត្រីណាម្នាក់មានពាក់ព័ន្ធនឹងសារធាតុញៀននោះឡើយ។ រាជរដ្ឋាភិបាលអាណត្តិថ្មី បានធ្វើបន្តពីរាជរដ្ឋាភិបាលអាណត្តិមុន កុំឱ្យបញ្ហាគ្រឿងញៀន ក្លាយជាជំងឺមហារីកកាន់តែធ្ងន់ទៅៗ នាំឱ្យប៉ះពាល់ដល់ប្រទេសជាតិទាំងមូលនាំទុក្ខដល់ប្រជាពលរដ្ឋទូទៅ។

ឯកឧត្តម ឯក ស៊ុនរស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំងបានថ្លែងថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ចេញយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនបន្ថែមទៀតក្នុងអាណត្តិថ្មីនេះ ដើម្បីឈានដល់ការប្រយុទ្ធប្រឆាំងជាមួយបទល្មើសផ្សេងៗ និងបញ្ហាមិនប្រក្រតីនានាដែលកើតឡើងនៅក្នុងសង្គម គឺត្រូវផ្តើមចេញពីការសម្អាតខ្លួនឯងជាមុនសិន ពោលគឺការសម្អាតផ្ទះ ដែលសំដៅដល់ការរកឱ្យឃើញមន្ត្រីធ្វើខុសពាក់ព័ន្ធបទល្មើសផ្សេងៗ ពិសេស គឺមកពីគ្រឿងញៀនទាំងនេះហើយ ដែលនាំឱ្យឈានទៅដល់ការបើកយុទ្ធនាការណ៍ធ្វើតេស្តរកសារធាតុញៀន ក្នុងចំណោមមន្ត្រីរាជការ កងកម្លាំងទាំងអស់ ដើម្បីធ្វើយ៉ាងណាកម្លាំងអនុវត្តច្បាប់ត្រូវសម្អាតខ្លួនជាមុនសិន ទើបប្រសិទ្ធភាពនៃការអប់រំណែនាំតម្រង់ទិស ដល់មហាជនទូទៅ មានប្រសិទ្ធភាព និងធ្វើឱ្យការបង្ហ្រាបបទល្មើសគ្រឿងញៀនផ្សេងៗមានប្រសិទ្ធភាព ។

ប្រជាពលរដ្ឋក្នុងខេត្តកំពង់ឆ្នាំង បានថ្លែងថា៖ ក្នុងនាមជាប្រជាពលរដ្ឋខ្មែរ ពួកគាត់ពិតជាសប្បាយចិត្តយ៉ាងខ្លាំងបំផុត និងគាំទ្រយ៉ាងពេញទំហឹងចំពោះសម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងការដាក់ចេញវិធានការយ៉ាងម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នៅតាមក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ព្រោះបញ្ហាគ្រឿងញៀន គឺជាដំបៅដ៏អាក្រក់មួយក្នុងសង្គម ហើយបើកាលណាមនុស្សណាម្នាក់បានជ្រុលសេពគ្រឿងញៀន តែងធ្វើឱ្យបាត់បង់សតិ និងធ្វើអ្វីៗបង្កគ្រោះថ្នាក់ដល់អ្នកដទៃ និងរហូតដល់សង្គមថែមទៀត។ ហេតុនេះសម្រាប់វិធានការរបស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនគឺជារឿងមួយដ៏ល្អ ដើម្បីធ្វើយ៉ាងណាប្រែក្លាយយុវជនកម្ពុជា អោយចៀសឆ្ងាយពីគ្រោះថ្នាក់កើតចេញពីគ្រឿងញៀននេះ ព្រោះពួកគេ ជាទំពាំងស្នងឬស្សីត្រូវតែស្អាតស្អំ និងប្រកបដោយសមត្ថភាព សម្រាប់បន្តវេនអភិវឌ្ឍន៍ប្រទសជាតិ។

ប្រជាពលរដ្ឋខេត្តកំពង់ឆ្នាំងបានបង្ហាញការសាទរ និងគាំទ្រយ៉ាងពេញទំហឹងនូវវិធានការដ៏ម៉ឺងម៉ាត់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ។ ការបង្រ្កាបជាមួយវិធានការដាច់ខាតរបស់ប្រមុខរដ្ឋាភិបាលនេះ គឺដើម្បីអោយប្រទេសមួយស្អាតស្អំ គ្មានគ្រឿងញៀន និងនាំអោយយុវជនប្រកបដោយចំណេះដឹង ដែលទាំងអស់នេះ គឺជាកត្តាមិនអាចខ្វះបានក្នុងការចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គមជាតិយើងអោយកាន់តែរុងរឿងក្រោមម្លប់សុខសន្តិភាព ៕ កាំង ហុងវាស្នា




