
ទីភ្នាក់ងារសារព័ត៌មាន Interfax-Ukraine បានរាយការណ៍កាលពីថ្ងៃចន្ទ ដោយបានដកស្រង់សម្តីនាយករដ្ឋមន្ត្រីអ៊ុយក្រែន លោក ដេនីស ស្មីហាល(Denys Shmyhal) ថា ប្រទេសអ៊ុយក្រែន ត្រៀមខ្លួនក្នុងការពង្រីកចំណុចផ្ទេរឧស្ម័នពីប្រទេសរុស្ស៊ី ប្រសិនបើមានការស្នើសុំពីបណ្តាប្រទេសសហភាពអឺរ៉ុប (EU) ។
លោក Shmyhal បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា ប្រសិនបើបណ្តាប្រទេសអឺរ៉ុប ដើរតួជាសម្ព័ន្ធ ឬដៃគូ អឺរ៉ុបណាមួយ នោះអ៊ុយក្រែននឹងដើរតួជាប្រទេសផ្ទេរឧស្ម័នរបស់ពួកគេ ហើយយើងត្រៀមខ្លួនជាស្រេចក្នុងការផ្តល់សេវាបែបនេះ។
លោក Shmyhal និយាយថា ប្រទេសអ៊ុយក្រែន អាចចុះកិច្ចព្រមព្រៀងលើការផ្ទេរឧស្ម័ន ជាមួយគណៈកម្មការអឺរ៉ុប ឬក្រុមនៃបណ្តាប្រទេសអ៊ឺរ៉ុប ដែលចាប់អារម្មណ៍ក្នុងការរក្សាការផ្ទេរឧស្ម័ន។
លោកបានបញ្ជាក់ថា អ៊ុយក្រែន នឹងមិនបន្តកិច្ចសន្យាផ្ទេរឧស្ម័នដែលមានស្រាប់ ឬចុះកិច្ចសន្យាថ្មីជាមួយរុស្ស៊ីនោះទេ។
ក្រុមហ៊ុនថាមពលរដ្ឋរបស់ប្រទេសអ៊ុយក្រែន ណាហ្វតូហ្គាស(Naftogaz) និងក្រុមហ៊ុនឧស្ម័នយក្សរុស្ស៊ី Gazprom បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្ទេរឧស្ម័ន កាលពីខែធ្នូ ឆ្នាំ ២០១៩។
កិច្ចសន្យានេះ សន្មតថាអ៊ុយក្រែននឹងផ្ទេរឧស្ម័នរបស់រុស្ស៊ីចំនួន ៤០ពាន់លានម៉ែត្រត្រីគុណ ក្នុងមួយឆ្នាំ អំឡុងពេល ឆ្នាំ ២០២១ ដល់ឆ្នាំ២០២៤។
កាលពីឆ្នាំមុន ការផ្ទេរឧស្ម័នរបស់រុស្ស៊ី តាមរយៈប្រទេសអ៊ុយក្រែន បានធ្លាក់ចុះ ២៨,៤ ភាគរយ មកនៅត្រឹម ១៤,6 លានម៉ែត្រត្រីគុណ។