ភ្នំពេញ ៖ ក្រោយការដាក់ចេញនូវបទបញ្ជាដើម្បីប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិនៅទូទាំងប្រទេសឱ្យមានប្រសិទ្ធភាពនោះ ប្រជាពលរដ្ឋ និងអាជីវករលក់ដូរនៅ រាជធានីភ្នំពេញ បានបន្តប្រកាសគាំទ្រនិងអបអរសាទរចំពោះវិធានការដ៏ម៉ឺងម៉ាត់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ចំពោះការដាក់ចេញវិធានការក្ដៅនេះដោយឈរលើមូលដ្ឋាន និងគោលការណ៍ដឹកនាំ «សម្អាតផ្ទះខ្លួនឯងជាមុន» ។
តំណាងឲ្យប្រជាពលរដ្ឋក្នុងសង្កាត់ផ្សារដើមថ្កូវ លោក ហែម សុផាត បានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះបទបញ្ជាថ្មីលេខ ០១. ប.ប . របស់ប្រមុខរាជរដ្ឋាភិបាលដែលបានដាក់ចេញកាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ កន្លងមកនេះឲ្យមានប្រសិទ្ធភាព ដោយលោកប្តេជ្ញាថាបង្កើនការផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានជាពិសេសណែនាំដល់យុវវ័យទាំងអស់ឲ្យឆ្លើយថាទេ និងជៀសឲ្យឆ្ងាយពីគ្រឿងញៀន។.
ប្រជាពលរដ្ឋម្នាក់ទៀតបានសម្តែងការគាំទ្រចំពោះរាជរដ្ឋាភិបាលយ៉ាងពេញទំហឹង និងចាត់ទុកវិធានការនេះគឺផ្តល់នូវផលប្រយោជន៍យ៉ាងច្រើនដល់សង្គមជាតិ។ ដោយពួកគាត់បន្តថា ការបង្រ្កាបគ្រឿងញៀនគ្រប់ទីកន្លែង បានជួយបំបាត់ដល់ឬសគល់គ្រឿងញៀន និងកុំឱ្យមានការចរាចរចេញចូលក្នុងប្រទេសជាបន្តទៀត។
ដោយឡែកអាជីវករលក់ដូរនៅផ្សារទួលទំពូង គាំទ្រការអនុវត្តចាត់វិធានការនេះឱ្យទទួលបានជោគជ័យ ពីព្រោះបញ្ហាគ្រឿងញៀន បានបង្កការប៉ះពាល់ច្រើនដល់សង្គមជាតិ ហើយមិនថានៅទីណាទេ គឺនឹងជួបការលំបាកទាំងការរស់នៅរួមទាំងការប្រកបរបរចិញ្ចឹមជីវិតជាទូរទៅផងដែរ។
សូមជម្រាបជូនថា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានដាក់ចេញនូវវិធានការយ៉ាងម៉ឺងម៉ាត់ ដើម្បីបោសសម្អាតបញ្ហាគ្រឿងញៀនឱ្យអស់ចេញពីកម្ពុជា ហើយបបើរកឃើញក្នុងជួរមន្ត្រីរាជការណា ដែលប្រើប្រាស់គ្រឿងញៀន ឬពាក់ព័ន្ធជាមួយគ្រឿងញៀននឹងបណ្តេញចេញពីក្របខណ្ឌតែម្ដងដោយគ្មានការលើកឡែងឡើយ៕ អត្ថបទ៖ ភារម្យ








