
ការកាត់ក្តីក្នុងសំណុំរឿងក្លែងបន្លំហិរញ្ញវត្ថុដ៏ធំបំផុតក្នុងកំណត់ត្រារបស់ប្រទេសវៀតណាម បានចាប់ផ្តើមនៅថ្ងៃអង្គារ (០៥ មីនា) នេះដោយមានចុងចោទជិត ៩០ នាក់ដែលត្រូវបានចោទប្រកាន់ថាជាផ្នែកមួយនៃការឆបោកទឹកប្រាក់ចំនួន ១២ ពាន់លានដុល្លារ ខណៈជនជាប់ចោទមួយចំនួនអាចនឹងទទួលការកាត់ទោសប្រហារជីវិត។
ការកាត់ក្តី ដែលរំពឹងថានឹងមានរយៈពេលរហូតដល់ចុងខែមេសា នៅតុលាការប្រជាជននៃទីក្រុងហូជីមិញ គឺជាផ្នែកនៃយុទ្ធនាការកាន់តែទូលំទូលាយប្រឆាំងនឹងអំពើពុករលួយនៅក្នុងប្រទេស ដែលមេដឹកនាំបក្សកុម្មុយនិស្តកាន់អំណាច លោក ង្វៀន ភូទ្រុង (Nguyen Phu Trong) បានសន្យាបញ្ចប់ជាច្រើនឆ្នាំ ដោយមិនទាន់មានលទ្ធផលជាក់ស្តែងនៅឡើយ។
ការជំរុញប្រឆាំងអំពើពុករលួយនេះ បានឈានទៅដល់ការចាប់ខ្លួនអ្នកមានមុខមាត់ជាច្រើននាក់ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ និងការលាលែងពីតំណែងរបស់ឥស្សរជនកំពូលជាច្រើនរូប រួមទាំងអតីតប្រធានាធិបតីរបស់ប្រទេសនេះកាលពីឆ្នាំមុនផងដែរ។
ទោះបីជាមានយុទ្ធនាការប្រឆាំងអំពើពុករលួយ ដែលគេស្គាល់ក្នុងស្រុកថា «គុកភ្លើង» ជាច្រើនឆ្នាំក៏ដោយ ក៏អំពើពុករលួយនៅតែរីករាលដាលនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ដែលនាំឱ្យមនុស្សជាច្រើនចោទសួរពីហេតុផលនៅពីក្រោយការចាប់ខ្លួនជនល្មើសកន្លងមក៕