
គណៈកម្មការអឺរ៉ុប កាលពីថ្ងៃច័ន្ទ (០៤ មីនា) បានផាកពិន័យក្រុមហ៊ុន អេបផល (Apple) ចំនួន ១,៨៤ ពាន់លានអឺរ៉ូ សម្រាប់ការបំពានច្បាប់ប្រឆាំងការទុកចិត្តដោយការដាក់កម្រិតលើអាជីវកម្មនៃកម្មវិធីចាក់ចម្រៀងរបស់គូប្រជែងនៅលើកម្មវិធីទាញយក អេបស្តរ (App Store) របស់ខ្លួន។
ចំណាត់ការនេះកើតចេញពីការចោទប្រកាន់ដែលថាក្រុមហ៊ុន Apple បំពានឥទ្ធិពលគ្របដណ្ដប់ទីផ្សាររបស់ខ្លួនក្នុងការចែកចាយកម្មវិធីចាក់តន្ត្រីដល់អ្នកប្រើប្រាស់ទូរស័ព្ទ អាយហ្វូន (iPhone) និងអាយផេត (iPad) តាមរយៈ App Store ដូចដែលមានចែងក្នុងសេចក្តីថ្លែងការណ៍របស់គណៈកម្មការអឺរ៉ុប។
ក្រុមហ៊ុនសេវាកម្មចាក់តន្រ្តីស៊ុយអែត ស្ពតធីហ្វាយ (Spotify) កាលពីមុនបានចោទប្រកាន់ Apple ពីការហាមឃាត់កម្មវិធីផ្សេងៗពីការជូនដំណឹងដល់អតិថិជនថាមានសេវាកម្មតន្ត្រីដែលមានតម្លៃថោកជាងផ្សេងទៀតនៅខាងក្រៅ App Store ។
ការពិន័យនេះធ្វើឡើងបន្ទាប់ពីមានការប្តឹងតវ៉ាប្រឆាំងនឹងការទុកចិត្តនៅខែមីនា ឆ្នាំ២០១៩ ដោយក្រុមហ៊ុន ស្ពតធីហ្វាយ ដែលបានប្រកែកថា ច្បាប់ App Store របស់ Apple មានគោលបំណងដាក់កម្រិតលើជម្រើស និងរារាំងបទពិសោធន៍របស់អ្នកប្រើប្រាស់ ហើយបានចោទប្រកាន់ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សមួយនេះថាបានធ្វើឱ្យខូចប្រយោជន៍ដោយចេតនាដល់អ្នកបង្កើតកម្មវិធីផ្សេងទៀត៕