នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានលើកឡើងថា ការបែងចែកភូមិសាស្ត្រនយោបាយ គឺជាកត្តារួមចំណែកធ្វើឲ្យអសន្តិសុខសកលលោក និងបង្កឱ្យកើតមានជម្លោះថ្មីៗ ហើយធ្វើឱ្យការស្វែងរកដំណោះស្រាយកាន់តែពិបាកផងដែរ។

ថ្លែងនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពាជាតិអាស៊ាន (ADMM )និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០២៤ដែល ប្រទេសឡាវធ្វើជាម្ចាស់ផ្ទះនាថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤នេះ ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា បានលើកឡើងថា ការបែងចែកភូមិសាស្រ្តនយោបាយគឺជាកត្តារួមចំណែកធ្វើឲ្យអសន្តិសុខសកលលោកហើយការកើនឡើង នៃភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយនេះដែរ ក៏នឹងធ្វើឱ្យប៉ះពាល់ដល់សមត្ថភាពរួមគ្នារបស់អាស៊ានក្នុងការឆ្លើយតបរួមគ្នាចំពោះបញ្ហាប្រឈមធំៗដែលអាស៊ានអាចនឹងជួបប្រទះជាដើម។

ក្នុងន័យនេះនាយឧត្តមសេនីយ៍ ទៀ សីហា បានអំពាវនាវដល់អាស៊ានចាំបាច់ត្រូវពង្រឹងកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីស្វែងរកនូវដំណោះស្រាយជាពហុភាគី និងដោះស្រាយនូវការបោកបក់នៃភូមិសាស្ត្រ នយោបាយដែលកំពុងកើតឡើងទាំងនេះ។ យ៉ាងណាក្តី ឯកឧត្តមនាយឧត្តមសេនីយ៍ក៏បានសម្តែងនូវជំនឿជឿជាក់ថាអាស៊ាននឹងសាកសមជាស្ពានជួយលើបញ្ហាទាំងនោះ ជាពិសេសកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក(ADMM -Plus) គឺជាវេទិកាតែមួយគត់ ដែលប្រទេសមហាអំណាច ចូលរួមកិច្ចសហប្រតិបត្តិការផ្នែកយោធា និងកិច្ចសហប្រតិបត្តិការជាក់ស្តែងរួមគ្នាឆ្ពោះទៅការដោះស្រាយបញ្ហាប្រឈមរួម។

នៅក្នុងកិច្ចប្រជុំខាងលើនេះដែរនាយឧត្តមសេនីយ៍ ទៀ សីហា ក៏បានសម្តែងក្តីរំភើប ដោយបណ្តាប្រទេសមិនមែនបូក និងដៃគូខាងក្រៅជាច្រើនមានការចាប់អារម្មណ៍ចូលរួមកិច្ចសហប្រតិបត្តិការជាមួយ ADMM និងADMMបូក ។ដៃគូខាងក្រៅមួយចំនួន បានបន្តដាក់ពាក្យស្នើសុំ ជាអ្នកសង្កេតការណ៍របស់ក្រុមការងារជំនាញADMM-បូក ដោយសារតែភាពជោគជ័យរបស់កម្មវិធីសង្កេតការណ៍នេះ នៅក្នុងជុំកន្លងទៅ ខណៈប្រទេសខ្លះ ថែមទាំងបានដាក់ពាក្យស្នើសុំ ជាសមាជិកពេញសិទ្ធិ ADMM-បូក ថែមទៀតផងដែរ។

នាយឧត្តមសេនីយ៍ទៀ សីហា បានបន្ថែមទៀតថា ការកើនឡើងនូវចំណាប់អារម្មណ៍នេះ ជាសក្ខីកម្មមួយដែល ADMM និងADMMបូក ជាវេទិកាមានប្រសិទ្ធភាពសម្រាប់កិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីជំរុញការកសាងទំនុកចិត្តជាយុទ្ធសាស្រ្ត និងសហប្រតិបត្តិការការពារជាតិ សម្រាប់សន្តិភាព សន្តិសុខ និងភាពធន់ក្នុងតំបន់ ហើយក្នុងនាមជាសហប្រធាន នៃក្រុមការងារជំនាញ ស្តីពីសន្តិសុខបច្ចេកវិទ្យាព័ត៌មាន កម្ពុជានឹងធ្វើការរួមគ្នាជាមួយអូស្ត្រាលី និងបណ្តាប្រទេស ADMM-បូក ទាំងអស់ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការសន្តិសុខបច្ចេកវិទ្យាព័ត៌មាន ដោយបញ្ចូលនូវរបៀបវារៈស្ត្រីសន្តិភាព និងសន្តិសុខ និងការប្រែប្រួលអាកាសធាតុទៅក្នុងកម្មវិធីការងាររបស់ក្រុមការងារជំនាញផង។

នៅក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ក៏បានសម្តែង សេចក្តីសង្ឃឹមថា អាស៊ាននឹងមានឱកាសរៀបចំលំហាត់រួមគ្នា ជាមួយនឹងក្រុមការងារជំនាញណាមួយ ដើម្បីបង្កើនប្រសិទ្ធភាព សមត្ថភាពអន្តរប្រតិបត្តិការ និងដើម្បីលើកកម្ពស់ការយល់ដឹងអំពីសន្តិសុខបច្ចេកវិទ្យាព័ត៌មាន ក្នុងចំណោម កងទ័ពរបស់អាស៊ានទាំងអស់ផងដែរ។
សូមបញ្ជាក់ថា កិច្ចប្រជុំចង្អៀត រដ្ឋមន្ត្រីការពារជាតិអាស៊ាន ឆ្នាំ២០២៤ បានប្រព្រឹត្តទៅក្រោមមូលបទ«អាស៊ាន រួមគ្នាដើម្បីសន្តិភាព សន្តិសុខ និង ភាពធន់» ។នៅក្នុងកិច្ចប្រជុំចង្អៀត រដ្ឋមន្ត្រីការពារជាតិអាស៊ាន នាឱកាសនោះ បណ្តារដ្ឋមន្ត្រីការពារជាតិអាស៊ាន បានធ្វើការផ្លាស់ប្តូទស្សន: គ្នាទៅវិញទៅមក ស្ដីពីទំនាក់ទំនងខាងក្រៅរបស់អាស៊ានជាមួយដៃគូខាងក្រៅ ការគិតគូរលើការពង្រឹងឯកភាព និងមជ្ឈភាពអាស៊ាន និងការធ្វើឱ្យកាន់តែមានប្រសិទ្ធិភាពនូវកិច្ចសហប្រតិបត្តិការ ជាក់ស្វែងក្រោមយន្តការ កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន (ADMM ) និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក (ADMM -Plus )ដែលមានស្រាប់ជាដើម៕ អត្ថបទ បាន ចក់




