
ប្រធានាធិបតីសន្មតរបស់ប្រទេសឥណ្ឌូនេស៊ី លោក ប្រាបូវ៉ូ ស៊ូបៀនតូ (Prabowo Subianto) នៅថ្ងៃអង្គារ (០៥ មីនា) នេះបានសន្យាថានឹងមានការផ្ទេរអំណាច «ដោយរលូន» នៅចុងឆ្នាំនេះ ហើយបានសន្យាថានឹងបន្តគោលនយោបាយរបស់ប្រធានាធិបតីកំពុងកាន់អំណាច លោក ចូកូ វីដូដូ (Joko Widodo) និងធ្វើរឿងដែលចាំបាច់ដើម្បីឱ្យមានភាពប្រសើរឡើងនៅក្នុងប្រទេស។
ថ្លែងនៅក្នុងវេទិកាវិនិយោគមួយ លោក ប្រាបូវ៉ូ ដែលការរាប់សន្លឹកឆ្នោតក្រៅផ្លូវការបានបង្ហាញថាលោកឈ្នះការបោះឆ្នោតប្រធានាធិបតីថ្ងៃទី១៤ ខែកុម្ភៈ ដោយចំនួនដ៏ច្រើនលើសលប់នោះ បាននិយាយថា ប្រទេសឥណ្ឌូនេស៊ី មានចំណុចខ្លាំងជាមូលដ្ឋានដែលត្រូវការតែការគ្រប់គ្រងល្អប៉ុណ្ណោះ ប៉ុន្តែវានៅតែមានសារៈសំខាន់ណាស់ក្នុងការបង្កើតការងារបន្ថែម និងដោះស្រាយភាពក្រីក្រ។
នៅក្នុងសុន្ទរកថាដ៏ទូលំទូលាយមួយ លោក ប្រាបូវ៉ូ ក៏បាននិយាយផងដែរថា ប្រទេសឥណ្ឌូនេស៊ី គួរតែមានមោទនភាពចំពោះការបោះឆ្នោត ដែលចំនួនអ្នកទៅបោះឆ្នោតមានច្រើនគួរសម ទោះបីជាខ្លួនមិនពេញចិត្តនឹងលទ្ធិប្រជាធិបតេយ្យរបស់ប្រទេសក៏ដោយ។
លោក ប្រាបូវ៉ូ ត្រូវបានគេមើលឃើញថាអាចឈ្នះការបោះឆ្នោតយ៉ាងងាយស្រួលនៅក្នុងការប៉ុនប៉ងលើកទីបីរបស់ខ្លួនចំពោះតំណែងប្រធានាធិបតី ដែលគាំទ្រដោយលោកប្រធានាធិបតី វីដូដូ ដែលមានប្រជាប្រិយភាពយ៉ាងខ្លាំង រួមទាំងវត្តមានកូនប្រុសរបស់ប្រធានាធិបតីជិតផុតអាណត្តិរូបនេះជាមិត្តរួមតំណែង៕