
ខណៈពេលក្រុមអ្នកការទូតដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំង ចូលរួមសម័យប្រជុំប្រចាំឆ្នាំនៃសភារបស់ប្រទេសចិនក្នុងសប្តាហ៍នេះ មន្ត្រីចិនម្នាក់ដែលទទួលបានចំណាប់អារម្មណ៍ជាងគេគឺអ្នកនយោបាយបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ អកស៍ហ្វត (Oxford) ដែលមនុស្សជាច្រើនរំពឹងថានឹងក្លាយជារដ្ឋមន្ត្រីការបរទេសបន្ទាប់របស់ប្រទេសនេះ។
លោក លីវ ជានឆាវ (Liu Jianchao) វ័យ ៦០ឆ្នាំ ដឹកនាំស្ថាប័នបក្សកុម្មុយនិស្ត ទទួលបន្ទុកគ្រប់គ្រងទំនាក់ទំនងជាមួយគណបក្សនយោបាយបរទេស។ ចាប់តាំងពីចូលកាន់តំណែងក្នុងឆ្នាំ២០២២ មក លោកបានធ្វើដំណើរទៅកាន់ប្រទេសជាង ២០ និងបានជួបជាមួយមន្ត្រីមកពីជាង ១៦០ ប្រទេស។
កាលវិភាគដ៏មមាញឹករបស់លោក លីវ ជាពិសេសកិច្ចប្រជុំរបស់ខ្លួនជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់តូនី ប្លីងខិន (Antony Blinken) នៅទីក្រុងវ៉ាស៊ីនតោនក្នុងឆ្នាំនេះ បានធ្វើឱ្យមានការរំពឹងទុកថា អតីតមន្ត្រីប្រឆាំងអំពើពុករលួយ និងអតីតឯកអគ្គរដ្ឋទូត ព្រមទាំងជាអតីតអ្នកនាំពាក្យក្រសួងរូបនេះ កំពុងត្រូវបានរៀបចំឡើងតំណែងជារដ្ឋមន្ត្រីការបរទេសបន្ទាប់។
ការតែងតាំងលោក លីវ មិនប្រាកដនោះទេ ដោយសារដំណើរការសម្រេចចិត្តមិនច្បាស់លាស់របស់រដ្ឋាភិបាលចិន ប៉ុន្តែប្រសិនបើត្រូវបានជ្រើសរើស លោក លីវ នឹងមានភារកិច្ចគ្រប់គ្រងទំនាក់ទំនងជាមួយទីក្រុងវ៉ាស៊ីនតោន ខណៈដែលភាគីទាំងពីរមានបំណងកសាងទំនាក់ទំនងឡើងវិញ បន្ទាប់ពីរយៈពេលនៃភាពតានតឹងដែលមិនធ្លាប់មានពីមុនមកលើបញ្ហាជាច្រើនរាប់ចាប់ពីពាណិជ្ជកម្ម រហូតដល់បញ្ហាកោះតៃវ៉ាន់៕