
ប្រទេសចំនួនជាង ៤០ កាលពីថ្ងៃចន្ទ (ទី៤ ខែមីនា) បានទាមទារឲ្យមានការស៊ើបអង្កេតអន្តរជាតិឯករាជ្យ ជុំវិញការស្លាប់របស់មេដឹកនាំប្រឆាំងរុស្ស៊ីលោក Alexei Navalny ហើយបាននិយាយថា ប្រធានាធិបតីលោក Vladimir Putin ត្រូវមានការទទួលខុសត្រូវខ្ពស់បំផុត។
បណ្ដាប្រទេសដែលជាសមាជិកសហភាពអឺរ៉ុប សហរដ្ឋអាមេរិក អង់គ្លេស អ៊ុយក្រែន អូស្ត្រាលី កាណាដា នូវ៉ែលហ្សេឡង់ និងន័រវ៉ែស សុទ្ធតែស្ថិតក្នុងចំណោមប្រទេសដែលបង្ហាញពីកំហឹងរបស់ខ្លួន ចំពោះការស្លាប់របស់លោក Navalny នៅឯក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ។
គួរបញ្ជាក់ថា លោក Navalny វ័យ ៤៧ឆ្នាំដែលបានស្លាប់នៅក្នុងមន្ទីរឃុំឃាំងអាកទិក (Arctic) ត្រូវបានបញ្ចុះសពនៅទីក្រុងមូស្គូ កាលពីថ្ងៃសុក្រសប្ដាហ៍មុន ដោយពិធីបញ្ចុះនោះត្រូវបានឡោមព័ទ្ធដោយក្រុមអ្នកកាន់ទុក្ខយ៉ាងណែនណាន់តាន់តាប់ដែលបង្ហាញពីភាពមិនខ្លាចរអា ដោយការស្រែកច្រៀងឈ្មោះរបស់លោក។
ដោយតំណាងឲ្យប្រទេសចំនួន៤៣ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប លោកស្រី Lotte Knudsen បានប្រាប់ស្ថាប័នសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិថា៖ «ពួកយើងមានការខឹងសម្បាយ៉ាងខ្លាំង ចំពោះការស្លាប់របស់អ្នកនយោបាយប្រឆាំងរុស្ស៊ី លោក Alexei Navalny ដែលប្រធានាធិបតីលោក Putin និងអាជ្ញាធររុស្ស៊ី ត្រូវទទួលខុសត្រូវទាំងស្រុង»។
លោកស្រីបានបន្ថែមថា៖ «រុស្ស៊ីត្រូវតែអនុញ្ញាតឲ្យមានការស៊ើបអង្កេតអន្តរជាតិឯករាជ្យ និងតម្លាភាព ចំពោះស្ថានភាពនៃការស្លាប់ភ្លាមៗរបស់លោក Navalny។ ការស្លាប់ដែលមិននឹកស្មានដល់ និងគួរឲ្យតក់ស្លុតរបស់លោក Navalny គឺជាសញ្ញាមួយផ្សេងទៀតនៃការពន្លឿននូវការគាបសង្កត់ជាប្រព័ន្ធ នៅក្នុងប្រទេសរុស្ស៊ី»៕