
ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃអង្គារ (ទី៥ ខែមីនា) បាននិយាយថា ខ្លួននឹងចាប់ផ្តើមជូនដំណឹងដល់គ្រូពេទ្យហាត់ការដែលកំពុងធ្វើកូដកម្មថា អាជ្ញាប័ណ្ណវេជ្ជសាស្ត្ររបស់ពួកគេនឹងត្រូវបានព្យួរ ខណៈដែលប្រទេសនេះចាត់វិធានការដាក់ទណ្ឌកម្មគ្រូពេទ្យដែលបានចាកចេញពីមន្ទីរពេទ្យ ដើម្បីតវ៉ាចំពោះកំណែទម្រង់ការបណ្តុះបណ្តាល។
គ្រូពេទ្យមិនទាន់បញ្ចប់ការសិក្សារាប់ពាន់នាក់បានផ្ដល់សេចក្តីជូនដំណឹងរបស់ពួកគេ ហើយបានឈប់ធ្វើការកាលពី ២សប្តាហ៍មុន ដើម្បីតវ៉ាប្រឆាំងនឹងការបង្កើនការចុះឈ្មោះចូលរៀននៅសាលាពេទ្យ ចាប់ពីឆ្នាំក្រោយ ដែលរដ្ឋាភិបាលនិយាយថា គម្រោងនេះមានគោលបំណងជួយទប់ទល់នឹងការខ្វះខាត និងបំពេញតម្រូវការរបស់សង្គមជនវ័យចំណាស់។
គ្រូពេទ្យហាត់ការដែលធ្វើកូដកម្ម បានធ្វើមិនដឹងមិនឮនឹងការកំណត់ពេលវេលារបស់រដ្ឋាភិបាល នៅថ្ងៃទី២៩ ខែកុម្ភៈ ឲ្យពួកគេត្រឡប់ទៅធ្វើការវិញ បើមិនដូច្នោះទេពួកគេត្រូវប្រឈមនឹងវិធានការផ្លូវច្បាប់ ដោយក្នុងនោះរួមទាំងការចាប់ខ្លួន ឬការព្យួរអាជ្ញាប័ណ្ណវេជ្ជសាស្រ្តរបស់ពួកគេផងដែរ។
នៅឯសន្និសីទសារព័ត៌មាន អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាលលំដាប់ទី២ លោក Park Min-soo បានប្រាប់ថា រដ្ឋាភិបាលបានកំណត់អត្តសញ្ញាណគ្រូពេទ្យមិនទាន់បញ្ចប់ការសិក្សាប្រមាណ ៧.៨០០នាក់ដែលបានផ្គើននឹងបទបញ្ជាឲ្យត្រឡប់ទៅធ្វើការវិញ ហើយមន្ត្រីនឹងជូនដំណឹងដល់ពួកគេអំពីការព្យួរអាជ្ញាប័ណ្ណដែលមិនទាន់សម្រេចទាំងសម្រេចទាំងស្រុង ចាប់ពីថ្ងៃអង្គារនេះតទៅ។
ដោយសំដៅទៅលើការព្យួរអាជ្ញាប័ណ្ណ លោក Park បាននិយាយថា៖ «នៅពេលការបំពានរបស់ពួកគេ ជុំវិញការបញ្ជាឲ្យត្រឡប់ទៅធ្វើការងារ ត្រូវបានបញ្ជាក់ យើងនឹងផ្ញើការជូនដំណឹងជាមុនអំពីវិធានការរដ្ឋបាលចាប់ពីថ្ងៃនេះ (ទី៥ ខែមីនា)»៕