
មន្ត្រីនុយក្លេអ៊ែរជាន់ខ្ពស់របស់អង្គការសហប្រជាជាតិ (UN) គ្រោងនឹងជួបជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ដែលជាផ្នែកនៃបេសកកម្មការទូតដ៏រសើបមួយ ដោយគម្រោងនេះកើតឡើងក្នុងរយៈពេល ២ឆ្នាំ បន្ទាប់ពីវិមានក្រឹមឡាំងបានដណ្ដើមកាន់កាប់រោងចក្របរមាណូដ៏ធំបំផុតរបស់អឺរ៉ុបពីប្រទេសអ៊ុយក្រែន។
បេសកជនរបស់ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) របស់រុស្ស៊ី បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា អគ្គនាយក IAEA លោក Rafael Mariano Grossi នឹងធ្វើដំណើរទៅកាន់រមណីយដ្ឋានសមុទ្រខ្មៅនៃទីក្រុង Sochi នាថ្ងៃទី៥ ខែមីនានេះ ជាទីដែលលោកនឹងជួបពិភាក្សានៅថ្ងៃបន្ទាប់ អំពីសុវត្ថិភាព នៅរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia ដែលគ្រប់គ្រងដោយរុស្ស៊ី។
នៅពេលសួរថា តើកិច្ចប្រជុំជាមួយលោក Putin ស្ថិតក្នុងរបៀបវារៈដែរ ឬទេ លោក Grossi បាននិយាយថា «នេះគឺជាគោលដៅ»។ បើយោងតាមសេវាព័ត៌មាន Interfax បានឲ្យដឹងថា អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានបញ្ជាក់ថា កិច្ចប្រជុំមិនត្រូវបានច្រានចោលនោះទេ។
អំឡុងសន្និសីទសារព័ត៌មាន នៅទីក្រុងវីយែន ប្រទេសអូទ្រីស កាលពីថ្ងៃចន្ទ (ទី៤ ខែមីនា) លោក Grossi បាននិយាយថា៖«ខ្ញុំគិតថា វាមានសារៈសំខាន់ខ្លាំងណាស់ ដែលយើងអាចរក្សាការសន្ទនាកម្រិតខ្ពស់នេះ»។ លោកបន្ថែមថា លោកមិនរំពឹងថា នឹងមាន «ប្រតិកម្មតបភ្លាមៗដោយមិនបានពិចារណាឲ្យល្អិតល្អន់» ពីរដ្ឋសមាជិក IAEA ដែលអាចចោទសួរពីដំណើរទស្សនកិច្ចរបស់លោក។
ដំបូងឡើយ លោក Grossi មានគម្រោងទៅទស្សនកិច្ចនៅទីក្រុងមូស្គូ បន្ទាប់ពីការធ្វើដំណើររបស់លោកទៅកាន់រោងចក្រនុយក្លេអ៊ែរ Zaporizhzhia កាលពីថ្ងៃទី៧ ខែកុម្ភៈ ជាទីដែលក្រុមអធិការកិច្ចអន្តរជាតិ បានឈរជើងរយៈពេល ១៨ខែ។ ប៉ុន្តែការធ្វើដំណើរនោះ ត្រូវបានពន្យារពេលដោយពុំមានការប្រកាស៕