
ក្រុមមន្ត្រី បាននិយាយនៅថ្ងៃអង្គារនេះថា ប្រទេសម៉ាល់ឌីវ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង «ជំនួយយោធា»ជាមួយប្រទេសចិន បន្ទាប់ពីបានបញ្ជាឲ្យកងទ័ពឥណ្ឌាដែលដាក់ពង្រាយនៅតំបន់ប្រជុំកោះដ៏តូច មានលក្ខណៈជាយុទ្ធសាស្ត្រ ឲ្យចាកចេញ។
បុគ្គលិកយោធាឥណ្ឌាចំនួន ៨៩នាក់ នៅក្នុងប្រទេសនេះ នឹងត្រូវចាកចេញ នៅថ្ងៃទី ១០ ខែឧសភា បន្ទាប់ពីត្រូវបានបញ្ជាឲ្យចាកចេញដោយប្រធានាធិបតីគាំទ្រចិន លោក Mohamed Muizzu ដែលបានឡើងកាន់អំណាច កាលពីឆ្នាំមុន នៅលើវេទិកាប្រឆាំងឥណ្ឌា។
ក្រសួងការពារជាតិម៉ាល់ឌីវ បាននិយាយថា ពួកគេបានចុះហត្ថលេខាលើ «កិច្ចព្រមព្រៀងស្តីពីការផ្តល់ជំនួយយោធារបស់ប្រទេសចិន» ជាមួយទីក្រុងប៉េកាំងកាលពីល្ងាចថ្ងៃចន្ទ ដោយបញ្ជាក់ថា កិច្ចព្រមព្រៀងនេះ គឺ «ឥតគិតថ្លៃ» ឬដោយគ្មានចំណាយប្រាក់ ឬការគិតថ្លៃ ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមនោះទេ។
នៅក្នុងការបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X ក្រសួងការពារជាតិ បាននិយាយថា កិច្ចព្រមព្រៀងនេះ គឺដើម្បីពង្រឹង «ទំនាក់ទំនងទ្វេភាគីឲ្យកាន់តែរឹងមាំ»។
ប្រទេសឥណ្ឌាមានការសង្ស័យចំពោះវត្តមានកើនឡើងរបស់ចិននៅក្នុងមហាសមុទ្រឥណ្ឌា និងឥទ្ធិពលរបស់ខ្លួននៅម៉ាល់ឌីវ ដែលជាខ្សែសង្វាក់នៃកោះផ្កាថ្មតូចៗចំនួន ១.១៩២ដែលលាតសន្ធឹងប្រហែល៨០០ គីឡូម៉ែត្រ (៥០០ម៉ាយ) ឆ្លងកាត់ខ្សែអេក្វាទ័រ ក៏ដូចជានៅក្នុងប្រទេសស្រីលង្កា ដែលនៅជិតខាងផង ដែរ។