
អាកាសយានិកសហរដ្ឋអាមេរិក ដែលត្រូវបានចោទប្រកាន់ពីបទធ្វើឲ្យបែកធ្លាយកន្លែងលាក់ទុកឯកសារសម្ងាត់បំផុតរបស់មន្ទីរបញ្ចកោណ បានសារភាពកំហុស កាលពីថ្ងៃចន្ទ (ទី៤ ខែមីនា) ក្រោមកិច្ចព្រមព្រៀងមួយ ដែលបានឃើញថា ជនជាប់ចោទត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ១៧ឆ្នាំ ជាថ្នូរដើម្បីឲ្យរដ្ឋអាជ្ញាទម្លាក់ចោលការចោទប្រកាន់ពីបទចារកម្មដែលមានកម្រិតធ្ងន់ធ្ងរជាងនេះ។
លោក Jack Teixeira ដែលធ្លាប់ជាអ្នកឯកទេសផ្នែក IT (ព័ត៌មានវិទ្យា) កម្រិតទាបរបស់ឆ្មាំល្បាតដែនអាកាសជាតិ ក្នុងរដ្ឋ Massachusetts (Massachusetts Air National Guard) ត្រូវបានចោទប្រកាន់ថា បានរៀបចំឲ្យមានការបែកធ្លាយឯកសារសម្ងាត់របស់អាមេរិកដែលបង្កឲ្យមានអន្តរាយបំផុត ក្នុងរយៈពេល ១ទសវត្សរ៍ ដោយឯកសារខ្លះមានទាក់ទងនឹងសង្គ្រាមនៅអ៊ុយក្រែន។
ប្រសិនបើលោក Teixeira ប្រឈមនឹងការចោទប្រកាន់ក្រោមច្បាប់ចារកម្មនោះ រូបគេអាចនឹងត្រូវជាប់ពន្ធនាគារអស់មួយជីវិត។ ផ្ទុយទៅវិញ ជនជាប់ចោទបានបង្ហាញខ្លួននៅចំពោះមុខតុលាការសហព័ន្ធ កាលពីថ្ងៃចន្ទ ហើយបានសារភាពទទួលកំហុសចំពោះបទល្មើសចំនួន ៦ករណី ជុំវិញការបញ្ជូនចេញព័ត៌មានការពារជាតិដោយចេតនា។
លោក Teixeira នឹងត្រូវកាត់ទោសឲ្យជាប់ពន្ធនាគាររហូតដល់ ១៦ឆ្នាំ និង ៨ខែ ក្រោមកិច្ចព្រមព្រៀង ហើយត្រូវបង់ប្រាក់ពិន័យចំនួន ៥០.០០០ដុល្លារអាមេរិក ព្រមទាំងជួយមន្ត្រីស៊ើបការណ៍សម្ងាត់ឲ្យដឹងពីទំហំ និងផលប៉ះពាល់នៃការធ្វើឲ្យបែកធ្លាយរបស់គេនេះ។
គួរបញ្ជាក់ថា លោក Teixeira ត្រូវបានឃុំខ្លួនក្នុងខែមេសា ឆ្នាំ២០២៣ តាមរយៈការចាប់ខ្លួន ដែលផ្សាយផ្ទាល់តាមបណ្តាញទូរទស្សន៍៕