ភ្នំពេញ ៖ អភិបាលរាជធានីភ្នំពេញបានជំរុញជាថ្មីម្ដងទៀតដល់អាជ្ញាធរទាំង១៤ខណ្ឌ និងកងកម្លាំងទាំងអស់ឱ្យបន្តទប់ស្កាត់បញ្ហាគ្រឿងញៀន និងល្បែងស៊ីសងតាមមូលដ្ឋាន និងដោះស្រាយការកកស្ទះចរាចរណ៍។
ថ្លែងក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤ នៅសាលារាជធានីភ្នំពេញ ប្រធានគណៈបញ្ជាការបានលើកឡើងថា កិច្ចប្រជុំនាពេលនេះធ្វើឡើងដើម្បីពិនិត្យលើការងារឡើងវិញ ថាតើនៅខ្វះខាត ឬខ្វះចន្លោះអ្វីខ្លះ ដើម្បីយកមកបំពេញបន្ថែម សំដៅធ្វើយ៉ាងណាបំរើផលប្រយោជន៍ជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរទាំងការរក្សាសន្តិសុខ សុវត្ថិភាព និងការផ្តល់សេវាសាធារណៈជូនពលរដ្ឋជាដើម។
ឯកឧត្តម ឃួង ស្រេង បន្ថែមថា បញ្ហាចរាចរណ៍ជារឿងមួយដែលបាននឹងកំពុងដោះស្រាយ ចំពោះបញ្ហាចោរឆក់ត្រូវបានទប់ស្កាត់ និងកាត់បន្ថយបានច្រើន តែក៏នៅមានចំណុចចន្លោះប្រហោងខ្លះដែរ ដែលត្រូវរួមគ្នាដើម្បីឱ្យបានប្រសើរឡើង ដូចជាការទប់ស្កាត់ និងបង្ក្រាបក្មេងទំនើង ការបង្ក្រាបគ្រឿងញៀន និងល្បែងស៊ីសងជាដើម។
ចំពោះទីតាំងអាជីវកម្មដូចជា មណ្ឌលកម្សាន្ត ខារ៉ាអូខេ ភោជនីយដ្ឋាន បៀរហ្គារដិន និងក្លឹបកម្សាន្ត ឯកឧត្តម ឃួង ស្រេង បានជំរុញឱ្យមានផែនការទប់ស្កាត់បញ្ហាគ្រឿងញៀន ពិសេសអាជ្ញាធរខណ្ឌទាំង១៤ត្រូវចុះពិនិត្យមើលទីតាំងដែលមានហានិភ័យ ចំពោះគ្រឿងញៀននេះ ដើម្បីមានវិធានការលើការបង្ក្រាប និងលុបបំបាត់គ្រឿងញៀនឱ្យបាន ហើយនៅតាមសាលារៀន និងទីតាំងផ្សេងៗទៀតក៏ត្រូវរួមគ្នាដើម្បីលុបបំបាត់ និងត្រូវបន្តទប់ស្កាត់បង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ ជាមួយនិងការបំផុសផ្សព្វផ្សាយប្រជាពលរដ្ឋឱ្យបង្ការទប់ស្កាត់គ្រោះអគ្គិភ័យ ដោយសារតែរដូវនេះជារដូវក្តៅ ងាយរងគ្រោះដោយអគ្គិភ័យ។
ឯកឧត្តម អភិបាលរាជធានីភ្នំពេញក៏បានណែនាំឱ្យអាជ្ញាធរខណ្ឌទាំង១៤ ត្រូវផ្សព្វផ្សាយពីផលប៉ះពាល់នៃគ្រឿងញៀន ដល់សិស្សានុសិស្ស ដើម្បីឱ្យដើរឱ្យឆ្ងាយពីគ្រឿងញៀន ក្រុមបងតូច បងធំជាដើម។ ចំពោះមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ត្រូវបន្តសហការជាមួយកងពលតូចលេខ៧០ ចុះបាញ់ថ្នាំមូសនៅសង្កាត់ទាំង១០៥ សំដៅធ្វើយ៉ាងណាលុបបំបាត់ឱ្យអស់មូសខ្លា និងគ្មានជំងឺគ្រុនឈាម។ បញ្ហាចរាចរណ៍កន្លែងណាមានការកកស្ទះចរាចរណ៍ ត្រូវចុះដោះស្រាយភ្លាមៗ កុំឱ្យកកស្ទះចរាចរណ៍៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា







