ភ្នំពេញ ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ សឹង សំណាង អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងអាកាស ថ្លែងថា ការបន្តលើកកម្ពស់សិទ្ធិនារីជាចលនាជំរុញឱ្យយោធិននារីចូលរួមបម្រើក្នុងវិស័យទ័ពអាកាស។ ការថ្លែងយ៉ាងដូច្នេះធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីភាពប្រារព្ធទិវាអន្តរជាតិនារី ៨មីនា ខួបទី១១៣ ក្រោមមូលបទ «ស្រ្តី និងក្មេងស្រីក្នុងបរិវត្តកម្មឌីជីថល» នាថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ នៅបញ្ជាការដ្ឋានកងទ័ពជើងអាកាស។
នាឱកាសនោះ នាយឧត្តមសេនីយ៍ សឹង សំណាង បានឱ្យដឹងថា តាមការសិក្សាប្រវត្តិសាស្ត្រ បានបង្ហាញថានៅគ្រប់សម័យកាលស្ត្រីតែងតែដើរតួនាទីដ៏សំខាន់ទាំងទិដ្ឋភាពក្នុងសង្គម សេដ្ឋកិច្ច និងនយោបាយ។ ចំពោះកម្ពុជាតាំងពីមុនសម័យអង្គររហូតដល់បច្ចុប្បន្ន ស្ត្រីក៏ត្រូវបានសង្គមកម្ពុជាឱ្យតម្លៃយ៉ាងខ្ពស់ដោយស្រ្តីបានដើរតួនាទីក្នុងការបម្រើផលប្រយោជន៍ឱ្យសង្គមលើគ្រប់វិស័យ ដូចជា៖ វិស័យ នយោបាយ សេដ្ឋកិច្ច យោធា និងតុលាការ។
នាយឧត្តមសេនីយ៍ សឹង សំណាង បានកោតសរសើរចំពោះយុទ្ធនារីគ្រប់រូប ដែលបានបំពេញភារកិច្ចប្រកប ដោយភាពអំណត់ ព្យាយាមពុះពារគ្រប់ឧបសគ្គ និងលះបង់គ្រប់បែបយ៉ាងដើម្បីចូលរួមចំណែកក្នុងការបំពេញភារកិច្ច និងកសាងអង្គភាពទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ ជូនកងទ័ពជើងអាកាសតាំងពីការកកើតរហូតដល់បច្ចុប្បន្ន ក៏ដូចជាបានចូលរួមក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិទាំងនេះ គឺពិតជាមិនអាចកាត់ផ្តាច់ពីការចូលរួមរបស់កងកម្លាំងជានារី ដែលស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល។
នាយឧត្តមសេនីយ៍ សឹង សំណាង បានបន្តថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា ពីមួយអាណត្តិទៅមួយអាណត្តិ គួបផ្សំជាមួយនឹងសកម្មភាព ព្រមទាំងសមិទ្ធផលជាច្រើនដែលសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងបច្ចុប្បន្ន ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលបន្តវេន ប្រកបដោយថាមពល ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ រាជរដ្ឋាភិបាល និងលោកជំទាវ ពេជ ចន្ទមុន្នី បានបង្ហាញយ៉ាងច្បាស់ពីគំរូវីរភាពដ៏ឆ្នើមរបស់លោកជំទាវបណ្ឌិត ដែលបានខិតខំប្រឹងប្រែងលះបង់អស់ពីកម្លាំងកាយ កម្លាំងចិត្ត បញ្ញា ស្មារតីដ៏ឈ្លាសវៃ ក្នុងការបំពេញបេសកកម្មលើវិស័យមនុស្សធម៌ ដោយពុំមានការរើសអើងពូជសាសន៍ សាសនា ពណ៌សម្បុរ និងនិន្នាការនយោបាយឡើយ។
ឆ្លៀតក្នុងឱកាស នាយឧត្តមសេនីយ៍ ក៏បានណែនាំឱ្យមានការលើកទឹកចិត្ត និងទទួលស្គាល់នូវស្នាដៃ និងប្រសិទ្ធភាពការងារដែលយុទ្ធនារីជាស្រ្ដីធ្វើបាន ព្រមទាំងធ្វើឱ្យមានតុល្យភាពក្នុងការបែងចែកផលរវាងបុរស និងស្ត្រី ដោយត្រូវរួមគ្នាទប់ស្កាត់ និងបង្ក្រាបឱ្យបានទាន់ពេលវេលានូវរាល់អំពើជួញដូរគ្រប់ប្រភេទជាអាទិ៍ជួញដូរមនុស្ស ពិសេសស្ត្រី កុមារ ព្រមជាមួយបញ្ហាគ្រឿងញៀន៕ ដោយ ៖ ឧត្ដម







