
ទីភ្នាក់ងារសារព័ត៌មាន RIA បានរាយការណ៍ថា អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បាននិយាយថា អ្នកសារព័ត៌មានអាល្លឺម៉ង់ នឹងត្រូវចាកចេញពីប្រទេសរុស្ស៊ី ប្រសិនបើទីក្រុងប៊ែរឡាំង ចាត់វិធានការប្រឆាំងនឹងអ្នកសារព័ត៌មានរុស្ស៊ី នៅប្រទេសអាល្លឺម៉ង់។
ភាពតានតឹងរវាងរុស្ស៊ី និងអាល្លឺម៉ង់បានកើនឡើងបន្ទាប់ពីមានការធ្វើឲ្យបែកធ្លាយរបស់រុស្ស៊ី កាលពីសប្តាហ៍មុននូវខ្សែអាត់សំឡេងដែលត្រូវបានសន្មតថា ជាការពិភាក្សារបស់មន្ត្រីយោធាអាល្លឺម៉ង់អំពីអាវុធយុទ្ធភណ្ឌ សម្រាប់ប្រទេសអ៊ុយក្រែន និងគោលដៅរបស់រុស្ស៊ីនាពេលអនាគត ក្នុងនោះរួមទាំងស្ពានគ្រីមៀរផងដែរ។
ទីក្រុងមូស្គូបានលើកឡើងថា ខ្លួនបានបង្ហាញពីប្រទេសលោកខាងលិចដែលមានផែនការវាយប្រហាររុស្ស៊ី ហើយបានប្រាប់ថា ខ្លួនបាន «កោះអញ្ជើញ» ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ដើម្បីពន្យល់ខ្លឹមសារនៃខ្សែអាត់សំឡេងនេះ។ ទីក្រុងប៊ែរឡាំងបានឲ្យដឹងថា អ្នកការទូតបានចូលរួមកិច្ចប្រជុំដែលបានគ្រោងទុកជាមុន។
លោកស្រី Zakharova នៅថ្ងៃអង្គារ (ទី៥ ខែមីនា) នេះ បាននិយាយថា ឯកអគ្គរដ្ឋទូតលោកខាងលិច នៅទីក្រុងមូស្គូកំពុងជ្រៀតជ្រែកក្នុងកិច្ចការរុស្ស៊ី និងបានសាកសួរអំពីកិច្ចការរបស់ពួកគេ នៅប្រទេសរុស្ស៊ី។ លោកស្រីក៏បានសង្កត់ធ្ងន់ដែរថា រុស្ស៊ីនឹងបណ្ដេញអ្នកសារព័ត៌មានអាល្លឺម៉ង់ ដែលធ្វើការក្នុងប្រទេសនេះចេញ ប្រសិនបើទីក្រុងប៊ែរឡាំងសម្រេច «ប៉ះពាល់» អ្នកសារព័ត៌មានរុស្ស៊ី៕