
ដោយនៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ដើម្បីបញ្ឈប់ការប្រយុទ្ធគ្នាឲ្យទាន់ពេល សម្រាប់ការចាប់ផ្តើមនៃពិធីបុណ្យរ៉ាម៉ាដាននោះ កិច្ចចរចាបទឈប់បាញ់ រវាងក្រុមហាម៉ាស និងអ្នកសម្រុះសម្រួល នៅថ្ងៃអង្គារ (ទី៥ ខែមីនា) ក្នុងទីក្រុងគែរ ប្រទេសអេហ្ស៊ីប បានឈានដល់ទីបញ្ចប់ដោយមិនមានផ្លែផ្កាអ្វីឡើយ ។
មន្ត្រីជាន់ខ្ពស់ក្រុមហាម៉ាស លោក Bassem Naim បានប្រាប់សារព័ត៌មាន Reuters ថា ក្រុមសកម្មប្រយុទ្ធបានបង្ហាញសំណើរបស់ខ្លួន សម្រាប់កិច្ចព្រមព្រៀងបទឈប់បាញ់ដល់ក្រុមអ្នកសម្រុះសម្រួល អំឡុងកិច្ចពិភាក្សា ២ថ្ងៃ ហើយឥឡូវនេះកំពុងរង់ចាំការឆ្លើយតបពីអ៊ីស្រាអែល ដែលមិនបានចូលរួមកិច្ចចរចាជុំនេះ។
លោក Naim បាននិយាយថា៖ «នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu មិនចង់ឈានដល់កិច្ចព្រមព្រៀងទេ ហើយឥឡូវនេះ បាល់គឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់តុលាការអាមេរិក ដែលត្រូវដាក់សម្ពាធឲ្យរូបគាត់ឈានដល់កិច្ចព្រមព្រៀង»។
អ៊ីស្រាអែលបានបដិសេធមិនធ្វើអត្ថាធិប្បាយជាសាធារណៈលើកិច្ចពិភាក្សា នៅទីក្រុងគែរនេះ។ ប្រភពមួយបានប្រាប់សារព័ត៌មាន Reuters នៅមុននេះថា អ៊ីស្រាអែលមិនមានវត្តមានក្នុងកិច្ចចរចានេះទេ ដោយសារតែក្រុមហាម៉ាស បានបដិសេធការទាមទាររបស់ខ្លួន ដែលសុំឲ្យផ្តល់បញ្ជីឈ្មោះចំណាប់ថ្នូរនៅមានជីវិតទាំងអស់។
លោក Naim បាននិយាយថា រឿងនេះមិនអាចទៅរួចទេ បើគ្មានបទឈប់បាញ់ជាមុននោះ ព្រោះចំណាប់ថ្នូរ ត្រូវបានដាក់ឲ្យនៅពាសពេញតំបន់សង្រ្គាម ហើយត្រូវបានឃុំឃាំងដោយក្រុមដាច់ដោយឡែកពីគ្នា៕