
ទីភ្នាក់ងាររដ្ឋាភិបាលបានព្រមានថា ប្រទេសថៃត្រូវតែធ្វើកិច្ចការបន្ថែមទៀត ដើម្បីដោះស្រាយការបង្កកខ្វក់បរិយាកាស ដោយប្រាប់ថា មនុស្សជាង ១០លាននាក់ ត្រូវការការព្យាបាលសម្រាប់បញ្ហាសុខភាពដែលទាក់ទងនឹងការបំពុលបរិយកាស នៅឆ្នាំ២០២៣។
ទីក្រុងនានារបស់រាជាណាចក្រមួយនេះ ជាញឹកញាប់តែងជាប់ចំណាត់ថ្នាក់ក្នុងចំណោមទីក្រុងអាក្រក់បំផុតក្នុងពិភពលោក ដោយមានភាគល្អិត PM2.5 នៅក្នុងបរិយាកាស ពោលគឺជាភាគល្អិតតូចមែនទែនដែលអាចចូលទៅក្នុងចរន្តឈាមបាន ដោយបរិយាកាសអាក្រក់បំផុតបែបនេះ ច្រើនកើតក្នុងកំឡុងប៉ុន្មានខែដើមឆ្នាំ ដោយសារផ្សែងពីយានយន្ត និងការដុតគល់ជញ្ជ្រាំងរបស់កសិករ។
ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម (NESDC) បាននិយាយថា៖ «ការផ្តល់អាទិភាពគួរតែត្រូវបានដាក់ឡើង ជុំវិញផលប៉ះពាល់របស់ PM2.5 ចំពោះសុខភាពសាធារណៈ»។
នៅក្នុងការធ្វើបច្ចុប្បន្នភាពទិន្នន័យជាទៀងទាត់ដែលចេញផ្សាយ កាលថ្ងៃចន្ទ (ទី៤ ខែមីនា) NESDC បានឲ្យដឹងថា៖ «យោងតាមប្រព័ន្ធមជ្ឈមណ្ឌលទិន្នន័យសុខភាពរបស់ក្រសួងសុខាភិបាល នៅឆ្នាំ២០២៣ ចំនួនអ្នកជំងឺ ដែលឈឺទាក់ទងនឹងការបំពុលបរិយាកាស គឺចំនួន ១០,៥លាននាក់»។
ជាមួយគ្នានេះ ទិន្នន័យពីក្រសួងសុខាភិបាលបង្ហាញថា ចាប់តាំងពីដើមឆ្នាំ២០២៤ នេះ មនុស្សប្រហែល ១,៦លាននាក់ ត្រូវការការព្យាបាលចំពោះបញ្ហាសុខភាពដែលទាក់ទងនឹងការបំពុលបរិយាកាស។ តួលេខនេះ រួមមានអ្នកដែលមានស្ថានភាពជំងឺមួយចំនួន ដូចជារលាកទងសួតរ៉ាំរ៉ៃ មហារីកសួត ជំងឺហឺត និងជំងឺបេះដូងជាដើម៕