
គណៈកម្មការអឺរ៉ុប នៅថ្ងៃអង្គារ (ទី៥ ខែមីនា) នេះ បានលើកឡើងពីកម្មវិធីឧស្សាហកម្មការពារជាតិថ្មីចំនួន ១,៥ពាន់លានអឺរ៉ូ (១,៦៣ពាន់លានដុល្លារ) ដែលនឹងត្រូវបានផ្តល់ហិរញ្ញប្បទានពីថវិកាសហភាពអឺរ៉ុប (EU) សម្រាប់រយៈពេលចន្លោះពីឆ្នាំ២០២៥ និងឆ្នាំ២០២៧។
គណៈកម្មការបន្ថែមថា កម្មវិធីថ្មីនេះអំពាវនាវដល់រដ្ឋសមាជិក EU ទាំង ២៧ ឲ្យទិញយ៉ាងហោចណាស់ ៤០ភាគរយនៃយុទ្ធោបករណ៍ការពារជាតិរបស់ពួកគេ ជាសមូហភាព នៅឆ្នាំ២០៣០ ហើយមានបំណងធ្វើឲ្យតម្លៃពាណិជ្ជកម្មការពារជាតិក្នុងសហភាពអឺរ៉ុបយ៉ាងហោចណាស់ ៣៥ភាគរយនៃទីផ្សារការពារជាតិរបស់ EU។
គណៈកម្មការ EU បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា៖ «ដើម្បីបង្កើនការត្រៀមលក្ខណៈឧស្សាហកម្មការពារជាតិរបស់អឺរ៉ុប រដ្ឋជាសមាជិកត្រូវការវិនិយោគបន្ថែមទៀត ឲ្យកាន់តែប្រសើរឡើង រួមគ្នា និងនៅសហភាបអឺរ៉ុប»។
សង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែនបានជំរុញឲ្យប្រទេសអឺរ៉ុបជាច្រើនបង្កើនការចំណាយលើវិស័យការពារជាតិ ទោះបីជាមន្ត្រី EU បានអះអាងថា ត្រឹមតែកិច្ចប្រឹងប្រែងការពារជាតិជាតិមិនសូវមានប្រសិទ្ធភាព ហើយចង់ឲ្យស្ថាប័ន EU ដើរតួនាទីកាន់តែធំជាងនេះ នៅក្នុងគោលនយោបាយឧស្សាហកម្មការពារជាតិក៏ដោយ៕