
ប្រធានាធិបតីបារាំងលោក Emmanuel Macron នៅថ្ងៃអង្គារ (ទី៥ ខែមីនា) បាននិយាយថា វាដល់ពេលហើយសម្រាប់សម្ព័ន្ធមិត្តរបស់អ៊ុយក្រែន ក្នុងការធ្វើឲ្យប្រសើរឡើង ដោយសង្កត់ធ្ងន់ថា ឥឡូវនេះមិនមែនជាពេលវេលាដែលត្រូវញញើតញញើមនោះទេ។
អំឡុងនិយាយទៅកាន់ជនជាតិបារាំងដែលរស់នៅទីក្រុង Prague របស់ប្រទេសសាធារណរដ្ឋឆែក លោក Macron បានប្រាប់ថា៖ «ច្បាស់ណាស់ យើងប្រាកដជាជិតឈានដល់ពេលមួយ នៅតំបន់អឺរ៉ុបរបស់យើង ដែលវានឹងត្រូវបានពិចារណាយ៉ាងត្រឹមត្រូវថា កុំធ្វើជាមនុស្សញញើតញើម»។
គួរបញ្ជាក់ថា លោក Macron បានប្រឈមនឹងការរិះគន់ពីសម្ព័ន្ធមិត្តលោកខាងលិចជាច្រើន បន្ទាប់ពីលោកបានពិភាក្សាដោយបើកចំហអំពីគំនិតនៃការបញ្ជូនទាហានលោកខាងលិចទៅកាន់អ៊ុយក្រែន នៅក្នុងសន្និសីទនៅទីក្រុងប៉ារីសស្តីពីអ៊ុយក្រែន កាលពីថ្ងៃទី២៦ ខែកុម្ភៈ។
នៅក្នុងការនិយាយយោងទៅកាន់ការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន លោក Macron នាថ្ងៃអង្គារនេះបានប្រាប់ថា ប្រទេសបារាំង និងសាធារណរដ្ឋឆែក «ដឹងយ៉ាងច្បាស់ថា សង្រ្គាមបានត្រឡប់មកកាន់ដែនដី (នៅអឺរ៉ុប) របស់យើងវិញហើយ ដឹងច្បាស់ថា មហាអំណាចមួយចំនួនដែលមិនអាចបញ្ឈប់បាន កំពុងបន្តពង្រីកការគំរាមកំហែងជារៀងរាល់ថ្ងៃ ក្នុងការវាយប្រហារពួកយើង ហើយនិងដឹងច្បាស់ថា យើងនឹងត្រូវធ្វើឲ្យបានល្អតាមប្រវត្តិសាស្ត្រ និងភាពក្លាហានដែលវាតម្រូវឲ្យមាន»៕