កងកម្លាំងសន្តិសុខត្រូវបានដាក់ពង្រាយ និងរនាំងត្រូវបានដំឡើងនៅក្នុងទីក្រុង NEW DELHI កាលពីថ្ងៃអង្គារទី៥ខែមីនា ខណៈកងកម្លាំងប្រចាំរដ្ឋធានីត្រៀមទប់ទល់ការតវ៉ាទូទាំងប្រទេសពីសំណាក់ប្រជាកសិករ។

ក្រុមកសិករឥណ្ឌា កំពុងត្រៀមបង្កើនការតវ៉ារបស់ខ្លួនពីថ្ងៃពុធទី៦ខែមីនានេះ ដោយការហែរក្បួនទៅកាន់រដ្ឋធានី NEW DELHI តាមរថយន្តក្រុង និងរថភ្លើង និងកំពុងបង្កើនចំនួនអ្នកចូលរួមនៅច្រកព្រំដែន ដែលបច្ចុប្បន្នត្រូវបានបិទដោយត្រាក់ទ័រ។

ប្រជាកសិកររាប់ពាន់នាក់ បានចាប់ផ្ដើមក្បួនតវ៉ា ដែលមានឈ្មោះថា ដេលីឆាឡូ"DELHI CHALO" មានន័យថា តោះយើងទៅកាន់រដ្ឋធានី DELHI (LET'S GO TO DELHI)កាលពីខែមុន ប៉ុន្តែត្រូវបានបញ្ឈប់ដោយកងកម្លាំងសន្តិសុខប្រហែល២០០គីឡូម៉ែត្រពីភាគខាងជើងរដ្ឋធានី ដោយប្រើឧស្ម័នបង្ហៀរទឹកភ្នែក និងកាណុងបាញ់ទឹក។
ក្រុមប្រជាកសិករដែលកំពុងទាមទារដំឡើងតម្លៃផលិតផលដំណាំរបស់ពួកគេ បានរីកកាន់តែធំ បន្ទាប់ពីការចរចាជាច្រើនជុំជាមួយរដ្ឋាភិបាលបរាជ័យ៕