ក្រុមបាតុករអ៊ីស្រាអែលរាប់រយនាក់ ទាំងនៅក្នុងទីក្រុងហ្ស៊េរុយសាឡឹម និងទីក្រុងតេល អាវីវ បានតវ៉ានៅខាងក្រៅបេសកកម្មការទូតរបស់សហរដ្ឋអាមេរិកក្នុងប្រទេសអ៊ីស្រាអែល កាលពីថ្ងៃអង្គារទី៥ខែមីនា អំពាវនាវឲ្យលោកប្រធានាធិបតីអាមេរិក Joe Biden ជួយសម្របសម្រួលកិច្ចព្រមព្រៀងដោះលែងអ្នកទោសដែលនៅតែជាប់ក្នុងដៃរបស់ក្រុមហាម៉ាសនៅតំបន់ហ្កាហ្សានៅឡើយ។

កំពុងកាន់ស្លាកសញ្ញាអានថា'ត្រូវមានកិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំងឥឡូវនេះ''Hostage Deal Now' និងស្រែកពាក្យស្លោកដូចជា 'លោកBidenនាំពួកគេមកផ្ទះវិញ' ក្រុមអ្នកតវ៉ា នៅក្នុងទីក្រុងហ្ស៊រុយសាឡឹម(Jerusalem)ក៏បានសរសេរអក្សរ S.O.S. ដ៏ធំនៅលើដីផងដែរ ដើម្បីបង្ហាញពីជោគវាសនារបស់ចំណាប់ខ្មាំង១៣៤នាក់ ដែលនៅតែជាប់ឃុំក្នុងដៃក្រុមហាម៉ាសនៅឡើយ។

ក្រុមអ្នកចរចាហាម៉ាស បានស្នាក់នៅក្នុងទីក្រុងគែរ(Cairo)របស់ប្រទេសអេហ្ស៊ីបសម្រាប់ការពិភាក្សាបទឈប់បាញ់ថ្ងៃទី៣ កាលពីថ្ងៃអង្គារ ក្នុងបំណងបញ្ឈប់ការប្រយុទ្ធគ្នានៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប ដោះលែងចំណាប់ខ្មាំង និងបញ្ឈប់គ្រោះទុរ្ភក្សលើពលរដ្ឋប៉ាឡេស្ទីននៅហ្កាហ្សា។

បទឈប់បាញ់មួយមានរយៈពេល៤០ថ្ងៃ ក្នុងសង្គ្រាមរវាងក្រុមហាម៉ាស និង អ៊ីស្រាអែល នឹងអនុញ្ញាតឲ្យមានការដោះលែងចំណាប់ខ្មាំងមួយចំនួន ដែលត្រូវបានចាប់ឃុំខ្លួនដោយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនកាលពីថ្ងៃទី៧ខែតុលា បង្កើនជំនួយចូលទៅតំបន់ហ្កាហ្សា ហើយគ្រួសារទាំងឡាយអាចវិលត្រឡប់ទៅកាន់ផ្ទះសំម្បែងវិញ ដែលបានបោះបង់ចោល។
គួរឲ្យដឹងថា មកដល់ពេលនេះ មានជនជាតិប៉ាឡេស្ទីនជាង៣ម៉ឺននាក់ហើយដែលបានស្លាប់ក្នុងការវាយប្រហារមិនបន្ធូរដៃរបស់កងទ័ពអ៊ីស្រាអែល ក្រោយការវាយប្រហាររបស់ក្រុមហាម៉ាសសម្លាប់ពលរដ្ឋអ៊ីស្រាអែល ១.២០០នាក់ កាលពីថ្ងៃទី៧ខែតុលាឆ្នាំ២០២៣៕