រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក សឺហ្គេ សយហ្គូ (Sergei Shoigu) បាននិយាយកាលពីថ្ងៃអង្គារ (០៥ មីនា) ថាប្រទេសរុស្ស៊ី បានពង្រឹងកងកម្លាំងយោធារបស់ខ្លួននៅភាគខាងជើង និងខាងលិចនៃប្រទេស ដើម្បីទប់ទល់នឹងអ្វីដែលទីក្រុងមូស្គូ យល់ថាជាការកសាងកងកម្លាំងរបស់សម្ព័ន្ធយោធាណាតូ នៅជិតប្រទេសរុស្ស៊ី។

ជាការឆ្លើយតបទៅនឹងការឈ្លានពានរបស់រុស្ស៊ី នៅឆ្នាំ២០២២លើអ៊ុយក្រែន ប្រទេសហ្វាំងឡង់បានចូលរួមជាមួយអង្គការណាតូ ហើយស៊ុយអែត ក៏កំពុងធ្វើដូចគ្នានេះ។ អង្គការណាតូ កំពុងធ្វើសមយុទ្ធយោធាមួយហៅថា ការឆ្លើយតបរបស់អឺរ៉ុបខាងជើង-២០២៤ (Nordic Response 2024) ដែលខ្លួននិយាយថានឹងមានទាហានជាង ២០.០០០ នាក់នៅក្នុងប្រទេសន័រវេស ហ្វាំងឡង់ និងស៊ុយអែត ហើយនឹងផ្តោតលើការការពារសមូហភាព។

លោក សយហ្គូ បានប្រាប់បណ្ដាប្រមុខឧត្តមសេនីយដោយមិនបានផ្តល់ព័ត៌មានលម្អិតថា «ដើម្បីទប់ទល់នឹងសក្ដានុពលនៃការកសាងយោធារបស់ណាតូ នៅជិតព្រំដែនរុស្ស៊ី យើងបានចាត់វិធានការដើម្បីពង្រឹងក្រុមទាហាននៅក្នុងទិសដៅយុទ្ធសាស្ត្រភាគខាងជើង និងខាងលិច»។

សង្រ្គាមនៅអ៊ុយក្រែន បានបង្កឱ្យមានវិបត្តិដ៏ជ្រៅបំផុតនៅក្នុងទំនាក់ទំនងរបស់រុស្ស៊ី ជាមួយលោកខាងលិច ចាប់តាំងពីវិបត្តិមីស៊ីលគុយបាឆ្នាំ១៩៦២មក ហើយលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានព្រមានលោកខាងលិចថា ពួកគេកំពុងប្រថុយនឹងការបង្កសង្គ្រាមនុយក្លេអ៊ែរ ប្រសិនបើកងទ័ពលោកខាងលិចត្រូវបានបញ្ជូនទៅប្រយុទ្ធនៅអ៊ុយក្រែន៕