ភ្នំពេញ៖ ក្រសួងមហាផ្ទៃ នៅថ្ងៃទី៥ ខែមីនានេះ បានចេញលិខិតស្នើឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌសម្របសម្រួល និងគាំទ្រក្នុងការអនុវត្តការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ប្រកបដោយប្រសិទ្ធភាពជូនប្រជាពលរដ្ឋ។
ក្រសួងមហាផ្ទៃ បានជម្រាប ឯកឧត្តម លោកជំទាវអភិបាលនៃ គណៈអភិបាលរាជធានី ខេត្ត ជ្រាបថា យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលមានរួមបញ្ចូលការធ្វើកំណែ ទម្រង់ដីធ្លី និងនគរូបនីយកម្ម ជាមួយនឹងការបង្កើតឱ្យមាននូវគោលនយោបាយដីធ្លី រួមមាន ការចុះបញ្ជីដីធ្លីមាន លក្ខណៈជាប្រព័ន្ធ ដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានកំណត់យកការចុះបញ្ជីដីធ្លីជូន ប្រជាពលរដ្ឋជាការងារអាទិភាពខ្ពស់ និងត្រូវអនុវត្តឱ្យបានចប់សព្វគ្រប់នៅទូទាំងប្រទេស។
ក្រសួងបញ្ជាក់ថា កន្លងមក ក្រុមការងារ ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ នៅតាមបណ្តារាជធានី ខេត្ត ដែលមានប្រធានការិយាល័យរៀបចំដែនដី នគរូប នីយកម្ម សំណង់ និងភូមិបាលក្រុង ស្រុក ខណ្ឌ ជាប្រធានក្រុមការងារចុះបញ្ជី បាននិងកំពុងអនុវត្តកម្មវិធីអនុវិស័យ រដ្ឋបាលដីធ្លី ក្នុងគោលបំណងធ្វើការចុះបញ្ជីកម្មសិទ្ធិ និងសិទ្ធិផ្សេងៗទៀតលើអចលនវត្ថុឱ្យបានច្បាស់លាស់ និងជាផ្លូវការ ដើម្បីទប់ស្កាត់ និងដោះស្រាយវិវាទដីធ្លី សំដៅពង្រឹងសុវត្ថិភាពនៃការកាន់កាប់ដីធ្លី និងបង្កើនភាពជឿជាក់ លើប្រព័ន្ធចុះបញ្ជីដីធ្លី។
ក្នុងន័យនេះ ដើម្បីជំរុញការអនុវត្តការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀតនឹងទទួលបានជោគជ័យតាមផែនការដែលបានកំណត់ ក្រសួងមហាផ្ទៃ ស្នើ រដ្ឋបាលរាជធានី ខេត្ត ធ្វើការណែនាំដល់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ដើម្បីសម្របសម្រួល និងគាំទ្រក្នុងការអនុវត្តការចុះបញ្ជី ដីធ្លីមានលក្ខណៈជាប្រព័ន្ធរបស់ក្រុមការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដែលមានប្រធានការិយាល័យរៀបចំ ដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលក្រុង ស្រុក ខណ្ឌ ជាប្រធានក្រុមការងារដឹកនាំការងារចុះបញ្ជីដីធ្លីនេះ៕
