ហ្វីលីពីន បានកោះហៅអនុប្រធានបេសកកម្មរបស់ចិន នៅទីក្រុងម៉ានីល កាលពីថ្ងៃអង្គារ (០៥ មីនា) ដើម្បីតវ៉ាចំពោះអ្វីដែលខ្លួនហៅថា «សកម្មភាពឈ្លានពាន» របស់កងកម្លាំងជើងទឹកចិនប្រឆាំងនឹងបេសកកម្មផ្គត់ផ្គង់ឡើងវិញសម្រាប់កងទ័ពហ្វីលីពីន ដែលឈរជើងនៅលើដែនទឹកសមុទ្រចិនខាងត្បូង។

កងកម្លាំងកិច្ចការសមុទ្រចិនខាងត្បូងរបស់ទីក្រុងម៉ានីលបាននិយាយថា នាវាហ្វីលីពីនដែលបំពេញបេសកកម្មជាប្រចាំទៅកាន់ដែនទឹកថ្មប៉ប្រះទឹក សេខិន ថូម៉ាស ស្ហូល (Second Thomas Shoal) ត្រូវបាន «បំពាន និងរារាំង» ដោយកងជីវពលដែនសមុទ្រចិន និងនាវាឆ្មាំល្បាតឆ្នេរកាលពីថ្ងៃអង្គារ។

ក្រសួងការបរទេសហ្វីលីពីនបាននិយាយថា ខ្លួនបានកោះហៅអ្នកការទូតចិនកាលពីថ្ងៃអង្គារ ដើម្បីបង្ហាញពីការតវ៉ារបស់ខ្លួន និងដើម្បីទាមទារឱ្យនាវាចិនចាកចេញពីតំបន់ជុំវិញនៃដែនទឹក សេខិន ថូម៉ាស ស្ហូល ដែលទីក្រុងម៉ានីល ហៅថា អាយ៉ុងងីន (Ayungin)។

ប៉ុន្តែប្រទេសចិន បានដាក់ការស្តីបន្ទោសទៅលើទីក្រុងម៉ានីល ដោយនិយាយថា នាវាហ្វីលីពីនបានចូលទន្ទ្រានដោយខុសច្បាប់ចូលទៅក្នុងដែនទឹកដែលនៅជាប់នឹងដែនទឹក សេខិន ថូម៉ាស ស្ហូល ដែលខ្លួនហៅថា ថ្មប៉ប្រះទឹក រ៉េណៃ រីហ្វ (Renai Reef) ដូច្នេះខ្លួនត្រូវតែចាត់វិធានការដើម្បីការពារ៕