នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក អាន់ថូនី អាល់បានីស (Anthony Albanese) បាននិយាយនៅថ្ងៃពុធ (០៦ មីនា) នេះថាសន្តិសុខដែនសមុទ្រ ពាណិជ្ជកម្ម និងថាមពលស្អាតនឹងបង្កើតអនាគតរបស់ប្រទេសនេះជាមួយប្លុកអាស៊ាន ខណៈដែលទីក្រុងប៉េកាំង សម្លឹងមើលការបង្កើនវត្តមានរបស់ខ្លួននៅក្នុងសមុទ្រចិនខាងត្បូង ដែលមានការប្រកួតប្រជែងខ្លាំង។

ប្រទេសអូស្ត្រាលី កំពុងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន នៅទីក្រុងមែលប៊ន ដែលជាការប្រារព្ធខួបលើកទី ៥០ នៃទំនាក់ទំនងរបស់ខ្លួនជាមួយអាស៊ាន បើទោះបីជាភាពខុសគ្នានៅតែមាននៅទូទាំងប្លុកដែលមានសមាជិក ១០ ប្រទេសនេះ ស្តីពីផែនការរបស់ប្រទេសចិន ក្នុងការពង្រីកវត្តមានការទូត និងយោធានៅក្នុងតំបន់។

លោក អាល់បានីស បាននិយាយនៅក្នុងសុន្ទរកថានៅឯកិច្ចប្រជុំកំពូលរយៈពេលបីថ្ងៃ ដែលនឹងបញ្ចប់នៅល្ងាចនៅថ្ងៃពុធនេះថា «អូស្ត្រាលី ប្តេជ្ញាធ្វើការជាមួយបណ្ដាប្រទេសទាំងអស់ដើម្បីធ្វើឱ្យប្រាកដថាគោលការណ៍នៃអធិបតេយ្យភាព បូរណភាពទឹកដី សមភាព និងឯករាជ្យភាពត្រូវបានរក្សា»។

ការអត្ថាធិប្បាយនេះកើតឡើងនៅពេលដែលហ្វីលីពីន កាលពីថ្ងៃអង្គារ បានកោះហៅអនុប្រធានបេសកកម្មរបស់ចិន នៅទីក្រុងម៉ានីល ដើម្បីតវ៉ាចំពោះអ្វីដែលខ្លួនហៅថាជា «សកម្មភាពឈ្លានពាន» របស់កងកម្លាំងជើងទឹកចិន ប្រឆាំងនឹងបេសកកម្មផ្គត់ផ្គង់ឡើងវិញសម្រាប់កងទ័ពហ្វីលីពីន ដែលឈរជើងនៅលើដែនទឹកសមុទ្រចិនខាងត្បូង៕