អូស្ត្រាលីបានប្តេជ្ញាធ្វើការជាមួយបណ្ដាមេដឹកនាំអាស៊ាន ឬ(សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍) ក្នុងកិច្ចប្រជុំពេញអង្គរបស់ក្រុមមេដឹកនាំនៅថ្ងៃពុធ ៦ មីនា សប្ដាហ៍នេះ ជាផ្នែកមួយនៃកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី ដែលរៀបចំនៅទីក្រុងមែលប៊ន(Melbourne)។

ថ្លែងនៅក្នុងកិច្ចប្រជុំពេញអង្គ សហប្រធាននៃកិច្ចប្រជុំកំពូល នាយករដ្ឋមន្ត្រី អាន់តូនី អាល់បានីស(Anthony Albanese) បាននិយាយថា ជោគវាសនារបស់អូស្រ្តាលីស្ថិតនៅជាមួយអាស៊ីអាគ្នេយ៍ ហើយបានប្តេជ្ញាចិត្តជាថ្មីគាំទ្រតំបន់នេះ។

អូស្ត្រាលីដែលជាប្រទេសធំបំផុតប្រចាំទ្វីបអូសេអានី កំពុងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលរយៈពេលបីថ្ងៃដើម្បីប្រារព្ធខួប ៥០ ឆ្នាំចាប់តាំងពីប្រទេសនេះ បានក្លាយជាដៃគូខាងក្រៅដំបូងរបស់អាស៊ាន។ប្រទេសធំបំផុតទី៦នៅលើពិភពលោកមួយនេះ នឹងសម្លឹងរកការពង្រឹងទំនាក់ទំនងជាមួយតំបន់ដែលមានការរីកចម្រើនយ៉ាងឆាប់រហ័ស ខណៈដែលចិនសម្លឹងរកការបង្កើនលទ្ធភាពការទូត និងយោធារបស់ខ្លួន។
ក្រុមមេដឹកនាំប្លុកនេះ នឹងត្រូវបានស្វាគមន៍ទៅកាន់វិមានរដ្ឋាភិបាលរបស់ទីក្រុង Melbourne នៅពេលក្រោយចប់កិច្ចប្រជុំ៕