លោក យ៉ូរី បូរីសូវ (Yuri Borisov) ប្រធានទីភ្នាក់ងារអវកាស ស៉ូសខូស្មូស (Roscosmos) របស់រុស្ស៊ី បាននិយាយកាលពីថ្ងៃអង្គារ (០៥ មីនា) ថាប្រទេសរុស្ស៊ី និងប្រទេសចិន កំពុងពិចារណាដាក់រោងចក្រថាមពលនុយក្លេអ៊ែរនៅលើឋានព្រះចន្ទក្នុងឆ្នាំ២០៣៣ ទៅឆ្នាំ២០៣៥។

លោក បូរីសូវ អតីតអនុរដ្ឋមន្ត្រីការពារជាតិ បាននិយាយថា រុស្ស៊ី និងចិន បាននឹងកំពុងធ្វើការរួមគ្នាលើកម្មវិធីបេសកកម្មព្រះចន្ទ ហើយថាទីក្រុងមូស្គូ អាចចូលរួមចំណែកជាមួយអ្នកជំនាញរបស់ខ្លួនលើគម្រោង «ថាមពលនុយក្លេអ៊ែរអវកាស»។

ប្រធានទីភ្នាក់ងារអវកាសរុស្ស៊ីរូបនេះក៏បាននិយាយផងដែរអំពីផែនការរបស់រុស្ស៊ី ក្នុងការសាងសង់យានអវកាសដឹកទំនិញដើរដោយថាមពលនុយក្លេអ៊ែរ។ លោកបានបន្ថែមថា សំណួរបច្ចេកទេសទាំងអស់ទាក់ទងនឹងគម្រោងនេះត្រូវបានដោះស្រាយ ក្រៅពីការស្វែងរកដំណោះស្រាយអំពីមធ្យោបាយធ្វើឱ្យម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរត្រជាក់ ដើម្បីឆ្ពោះទៅមុខលើដែនការនេះ។
ក្រុមមន្ត្រីរុស្ស៊ី បាននិយាយជាយូរមកហើយពីផែនការដ៏មហិច្ឆិតារបស់ខ្លួនថាថ្ងៃណាមួយនឹងធ្វើការបង្កើតថ្មីមួយនៅលើឋានព្រះចន្ទ ប៉ុន្តែកម្មវិធីអវកាសរុស្ស៊ី បានទទួលរងនូវការបរាជ័យជាបន្តបន្ទាប់ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ៕