អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Matthew Miller បាននិយាយថា រដ្ឋមន្ត្រីការបរទេសអាមេរិក លោកអង់តូនី ប្ល៊ីនខិន ( Antony Blinken) បានប្រាប់រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការសង្រ្គាមនៃគណៈរដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benny Gantz នៅឯកិច្ចប្រជុំរបស់ពួកគេកាលពីថ្ងៃអង្គារ តាមរបៀប «ស្មោះត្រង់» ថា អ៊ីស្រាអែលចាំបាច់ត្រូវចាត់វិធានការជាបន្ទាន់ ដើម្បីអនុញ្ញាតឲ្យមានជំនួយបន្ថែមទៀតចូលទៅក្នុងតំបន់ហ្កាហ្សា។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ លោក Miller បានបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោន បានឃើញរដ្ឋមន្ត្រីអ៊ីស្រាអែលមួយចំនួន នៅក្នុងរដ្ឋាភិបាល រារាំងការដឹកជញ្ជូនម្សៅទៅកាន់តំបន់ហ្កាហ្សា និងគាំទ្រក្រុមបាតុករដែលរារាំងជំនួយមិនឲ្យចូលទៅក្នុងដែនដីដែលមានប្រជាជនច្រើន ហើយលោកបានបន្ថែមថា សហរដ្ឋអាមេរិក បានអំពាវនាវឲ្យបញ្ចប់សកម្មភាពបែបនេះ។

លោក Miller បានថ្លែងថា បច្ចុប្បន្ន ទីក្រុងវ៉ាស៊ីនតោន ចង់ឃើញច្រកឆ្លងកាត់ព្រំដែនមួយផ្សេងទៀតចូលទៅក្នុងតំបន់ហ្គាហ្សាត្រូវបានបើកដោយអ៊ីស្រាអែល ហើយត្រូវបានចូលរួមជាមួយសមភាគីអ៊ីស្រាអែលដោយផ្ទាល់ ដើម្បីធ្វើឲ្យរឿងនោះកើតឡើង ហើយការចូលរួមទាំងនោះរួមមានកិច្ចប្រជុំរបស់លោកប្ល៊ីនខិន ជាមួយលោក Gantz ។
លោក Miller បានបញ្ជាក់ថា៖ «គាត់ (Blinken) បាននិយាយដោយផ្ទាល់ និងស្មោះត្រង់ចំពោះភាពធ្ងន់ធ្ងរនៃស្ថានភាពជាក់ស្តែង និងការពិតដែលថា អ្នកដែលពាក់ព័ន្ធទាំងអស់ ត្រូវធ្វើការបន្ថែមទៀត ដើម្បីទទួលបានជំនួយជាបន្ទាន់ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន»។ ស្ថានការណ៍មនុស្សធម៌ នៅតំបន់ហ្កាហ្សាថា «គួរឲ្យភ័យខ្លាច»។
លោក Gantz បានថ្លែងទៅកាន់អ្នកសារព័ត៌មាននៅខាងក្រៅក្រសួងការបរទេស បន្ទាប់ពីកិច្ចប្រជុំរបស់លោកជាមួយលោកប៊្លីនខិនថា៖«កិច្ចប្រជុំនេះ គឺល្អណាស់»។ លោកមិនបានឆ្លើយតបនឹងសំណួរដែលបានលើកឡើងថាតើអ៊ីស្រាអែល នឹងបើកច្រកព្រំដែនមួយទៀត ដើម្បីអនុញ្ញាតឲ្យមានជំនួយបន្ថែមទៀតឬអត់?