ប្រធានសេវាចារកម្មបរទេស (SVR) របស់រុស្ស៊ី បាននិយាយកាលពីថ្ងៃអង្គារថា ការអត្ថាធិប្បាយរបស់ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង(Emmanuel Macron)អំពីការបញ្ជូនទាហានណាតូ ទៅកាន់អ៊ុយក្រែន កំពុងជំរុញពិភពលោកឲ្យឈានទៅដល់ដំណាក់កាលនៃសង្គ្រាមនុយក្លេអ៊ែរ។

កាលពីសប្តាហ៍មុន លោកម៉ាក្រុង បានបើកឱកាសឲ្យបណ្តាប្រទេសអឺរ៉ុបបញ្ជូនកងទ័ពទៅកាន់អ៊ុយក្រែន ទោះបីជាលោក បានព្រមានថា មិនមានការឯកភាពគ្នាក្នុងដំណាក់កាលនេះក៏ដោយ។ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តសំខាន់ៗរបស់អឺរ៉ុប បាននិយាយជាបន្តបន្ទាប់ថា ពួកគេមិនមានគម្រោងបញ្ជូនកងទ័ពជើងគោកទៅកាន់អ៊ុយក្រែនទេ។
ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី បានដកស្រង់សម្តីប្រធានសេវាចារកម្មបរទេស លោក Sergei Naryshkin ប្រាប់អ្នកសម្ភាសន៍ទូរទស្សន៍រុស្ស៊ីថា៖«នេះបង្ហាញពីភាពមិនទទួលខុសត្រូវខ្ពស់របស់ក្រុមមេដឹកនាំអឺរ៉ុបនាពេលបច្ចុប្បន្ននេះ ក្នុងករណីនេះ គឺលោកប្រធានាធិបតីបារាំង»។

«ជាការពិតណាស់ នេះគឺជារឿងគួរឲ្យសោកស្តាយដោយបានឃើញ សង្កេត និងយល់ថា សមត្ថភាពរបស់ឥស្សរជនបច្ចុប្បន្ននៅអឺរ៉ុប និងអាត្លង់ទិកខាងជើងក្នុងការចរចា គឺនៅកម្រិតទាបបំផុត។
«នេះ គឺជាការអធិប្បាយដ៏កម្រ ដែលពួកគេបានបង្ហាញពីសុភវិនិច្ឆ័យទាំងអស់។ ប៉ុន្តែសេចក្តីថ្លែងការណ៍ទាំងនេះ គឺមានគ្រោះថ្នាក់ខ្លាំងណាស់។ ពួកគេកំពុងនាំយើងទៅដល់ដំណាក់កាលនៃសង្រ្គាមនុយក្លេអ៊ែរ រួចហើយ»។