នាយករដ្ឋមន្ត្រីរបស់ប្រទេសប៉េរូ លោក អាល់ប៊ឺតតូ អូតារ៉ូឡា (Alberto Otarola) បានលាលែងពីតំណែង បន្ទាប់ពីខ្សែអាត់សំឡេងមួយបានលេចធ្លាយកាលពីចុងសប្តាហ៍ ដែលអះអាងថាជាការប៉ុនប៉ងផ្លូវការដើម្បីជះឥទ្ធិពលមិនត្រឹមត្រូវលើកិច្ចសន្យារបស់រដ្ឋាភិបាល។

លោក អូតារ៉ូឡា បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយកាលពីថ្ងៃអង្គារ (០៥ មីនា) ថាខ្សែអាត់សំឡេងនោះត្រូវបានធ្វើឡើងក្នុងឆ្នាំ២០២១ នៅពេលដែលលោកមិនមែនជាមន្ត្រីរដ្ឋាភិបាល ហើយត្រូវបានបំភាន់ និងកែសម្រួលជាផ្នែកមួយនៃការឃុបឃិតដោយគូប្រជែងនយោបាយរបស់ខ្លួន។

លោកធ្លាប់បានបដិសេធថាមិនបានប្រព្រឹត្តបទឧក្រិដ្ឋណាមួយឡើយ បន្ទាប់ពីខ្សែអាត់សំឡេងនោះបានផ្សព្វផ្សាយជាសាធារណៈ។

ការថតសំឡេងដែលត្រូវបានផ្សព្វផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកនោះ ហាក់ដូចជាបង្ហាញថា លោក អូតារ៉ូឡា កំពុងនិយាយទៅកាន់ស្ត្រីម្នាក់ ដែលក្រោយមកបានបន្តធ្វើការក្នុងតួនាទីរដ្ឋាភិបាលផ្សេងៗ។
ជាមួយនឹងការចាកចេញរបស់លោក អូតារ៉ូឡា សមាជិកគណៈរដ្ឋមន្ត្រី ១៨ រូបផ្សេងទៀតក៏ត្រូវលាលែងពីតំណែងផងដែរ នេះបើយោងតាមច្បាប់របស់ប្រទេសប៉េរូ។ លោកស្រីប្រធានាធិបតី ឌីណា បូលូអាតតេ (Dina Boluarte) មានជម្រើសក្នុងការតែងតាំងសមាជិកគណៈរដ្ឋមន្ត្រីនីមួយៗឡើងវិញ ឬផ្លាស់ប្តូរពួកគេចេញនិងរើសរដ្ឋមន្ត្រីថ្មី៕