អាហ្វហ្គានីស្ថាន៖ ប្រធានាធិបតីអាហ្វហ្គានីស្ថាន លោក Ashraf Ghani បានអំពាវនាវឲ្យក្រុមតាលីបង់ទម្លាក់អាវុធចុះ ដោយនិយាយថា ពួកគេកំពុងបង្កការខូចខាតយ៉ាងធំធេងដល់ប្រទេសនេះ។

លោកបាននិយាយទៅកាន់ការប្រមូលផ្តុំក្រុមអ្នកគាំទ្រនៅទីក្រុង Khost ថា ប្រសិនបើរាល់ថ្ងៃ ពលរដ្ឋអាហ្វហ្គានីស្ថានប្រហែលជាង ២០០ ទៅ ៤០០ រហូតដល់ ៦០០នាក់ស្លាប់ តើអ្នកណានឹងទទួលបានផលប្រយោជន៍ពីការសម្លាប់នេះ? បានប្រយោជន៍អីទៅ ប្រសិនបើអគារត្រូវបានដុត និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀតដែលយើងសាងសង់ត្រូវបំផ្លាញ។ ខ្ញុំសូមប្រាប់អ្នកពីអ្វីដែលបានកើតឡើងនៅទីប្រជុំជន Arghandab ស្ពានចំនួន ៣ ដែលត្រូវបានសាងសង់ចំណាយទឹកប្រាក់ប្រហែល ៥០លានដុល្លារ។ ពួកតាលីបង់បានបំផ្លាញ និងផ្ទះប្រហែល ១.០០០ខ្នងត្រូវបានបំផ្ទុះដោយគ្រាប់បែក។
ពួកតាលីបង់បានវាយប្រហារសម្រុកទៅមុខយ៉ាងឆាប់ហ័ស នៅទូទាំងភាគខាងជើងប្រទេសអាហ្វហ្គានីស្ថានក្នុងពេលប៉ុន្មានថ្ងៃថ្មីៗនេះ ខណៈដែលកងទ័ពសហរដ្ឋអាមេរិកបន្តចាកចេញពីប្រទេសនេះបណ្ដើរៗ។ ឥឡូវនេះក្រុមបះបោរអះអាងថា ខ្លួនកំពុងគ្រប់គ្រងដែនដីជាងមួយភាគបីនៃស្រុក និងតំបន់ចំនួន ៤២១ ទូទាំងប្រទេសអាហ្វហ្គានីស្ថាន៕
អត្ថបទ៖ សុខមាន