អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឱ្យដឹងថា រយៈពេល៤ថ្ងៃ មានគណបក្សនយោបាយចំនួន៤ ហើយដែលបានចុះបញ្ជី និងដាក់បេក្ខជនរបស់ខ្លួនស្នើសុំចូលរួមបោះឆ្នោតក្រុមប្រឹក្សារាជធានី-ខេត្ត ក្រុង ស្រុក និងខណ្ឌ។
ថ្លែងប្រាប់BTV នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប បានឱ្យដឹងថា ដើម្បីឆ្ពោះទៅរកការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ គ.ជ.ប បានចាប់ផ្តើមនីតិវិធីលើការការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ ដែលគិតមកទល់ពេលនេះ មានគណបក្សនយោបាយចំនួន៤ហើយដែល គ.ជ.ប បានទទួល ក្នុងនោះមាន គណបក្សប្រជាជនកម្ពុជា គណបក្សឆន្ទៈខ្មែរ គណបក្សកម្លាំងជាតិ និងគណបក្សហ្វ៊ុនស៊ិនប៉ិច ខណៈការចុះបញ្ជីគណបក្សនយោបាយ និងបេក្ខជនបានចាប់ផ្តើមពីថ្ងៃទី២ ខែមីនា ហើយត្រូវបញ្ចប់នៅថ្ងៃទី៦ ខែមីនានេះ។
អ្នកនាំពាក្យ គ.ជ.ប បានអំពាវនាវដល់គណបក្សនយោបាយដែលបានចុះបញ្ជីត្រូវសហការផ្តល់ឯកសារឱ្យបានគ្រប់ជ្រុងជ្រោយបន្ថែមទៀត ខណៈ គ.ជ.ប នឹងជូនដំណឹងទៅគណបក្សនយោបាយនោះវិញក្នុងរយៈពេល៥ថ្ងៃ ដើម្បីឱ្យគណបក្សសាម៉ីរៀបចំបញ្ជូលបន្ថែមឯកសារទៅកាន់ គ.ជ.ប។
អ្នកនាំពាក្យ គ.ជ.ប បន្តថា ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ ត្រូវធ្វើឡើងតាមទម្រង់បែបបទលេខ ១០០៨ ដែលកំណត់ដោយ គ.ជ.ប។ ក្នុងនោះ ការមានសិទ្ធិឈរឈ្មោះជាបេក្ខជន គឺប្រជាពលរដ្ឋខ្មែរទាំងពីរភេទ ដែលមានបំណងឈរឈ្មោះជាបេក្ខជនសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ ត្រូវបំពេញលក្ខខណ្ឌ និងមានលក្ខណៈសម្បត្តិដូចជា មានសញ្ជាតិខ្មែរពីកំណើត, អាយុយ៉ាងតិច២៥ឆ្នាំ គិតដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤, បានអនុវត្តសិទ្ធិបោះឆ្នោតដោយបានបោះឆ្នោតសម្រាប់ការបោះឆ្នោតជាសកល លើកចុងក្រោយ ដែលរៀបចំឡើងដោយ គ.ជ.ប លើកលែងតែករណីដែលការមិនអាចអនុវត្តសិទ្ធិបោះឆ្នោតនេះមានមូលហេតុសមស្រប។
សូមជម្រាបថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ នឹងប្រព្រឹត្តទៅនាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ខាងមុខ៕ អត្ថបទ៖ សេក ឧត្តម
