ក្រុមអ្នកវិភាគបាននិយាយថា កំណើន ៧,២ភាគរយ ដែលបានកំណត់សម្រាប់ថវិកាយោធារបស់ប្រទេសចិននៅឆ្នាំនេះ គឺដូចគ្នាទៅនឹងឆ្នាំ២០២៣ ហើយបង្ហាញថាទីក្រុងប៉េកាំងពុំបានត្រៀមខ្លួនសម្រាប់សង្រ្គាមដែលជិតមកដល់នោះទេ ប៉ុន្តែកំពុងចាត់វិធានការប្រុងប្រយ័ត្នជាយុទ្ធសាស្រ្តដើម្បីការពារផលប្រយោជន៍របស់ខ្លួន។

ថវិកានេះត្រូវបានបញ្ចេញដោយក្រសួងហិរញ្ញវត្ថុកាលពីថ្ងៃអង្គារ ខណៈលោកនាយករដ្ឋមន្ត្រីលី ឈាង(Li Qiang) ថ្លែងសុន្ទរកថាបើកសម័យប្រជុំសភាប្រជាជន។

អ្នកជំនាញនិយាយថាការផ្តោតលើកម្លាំងបម្រុងឆ្លុះបញ្ចាំងពីមេរៀនដែលបានរៀនសូត្រពីសង្គ្រាមអ៊ុយក្រែន។ នៅក្នុងរបាយការណ៍ការងាររបស់លោក លោក Li បានគូសបញ្ជាក់អំពីការបង្កើនការគាំទ្រសម្រាប់ការត្រៀមខ្លួនធ្វើសង្គ្រាមតាមរយៈការពង្រីកកងកម្លាំងបម្រុង។

លោកក៏បានសង្កត់ធ្ងន់ផងដែរអំពីតម្រូវការសម្រាប់ភាពស្មោះត្រង់ខាងយោធា បន្ទាប់ពីមានការបោសសម្អាតដ៏ធំបំផុតមួយនៅក្នុងក្រសួងការពារជាតិក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។
យោងតាមក្រសួងខាងលើ កញ្ចប់ថវិកាយោធាដ៏ធំបំផុតរបស់មហាអំណាចទីពីររបស់ពិភពលោក ដែលនឹងកើនឡើងដល់១,៦៧ សែនកោដិយ័នស្មើ ២៣២ពាន់លានដុល្លារ ត្រូវបានឃ្លាំមើលយ៉ាងដិតដល់ ខណៈប្រទេសចិនប្រឈមភាពតានតឹងជាច្រើននៅក្នុងសមុទ្រចិនខាងត្បូង និងច្រកសមុទ្រតៃវ៉ាន់ព្រមទាំងជម្លោះក្នុងការប្រកួតប្រជែងសណ្ដើមឥទ្ធិពលរបស់ខ្លួនជាមួយសហរដ្ឋអាមេរិក។
លោក យ៉េ កាង (Yue Gang)វរសេនីយឯកចូលនិវត្តន៍មកពីកងទ័ពរំដោះប្រជាជនចិន (PLA) បាននិយាយថា កំណើននៃការចំណាយយោធារបស់ប្រទេសចិនគឺស្របជាមួយនឹងកំណើននៃផលិតផលក្នុងស្រុកសរុប GDP ដោយបន្ថែមថា ការចំណាយនេះគឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការអភិវឌ្ឍន៍ ស្ថិរភាពនៃវិស័យការពារជាតិ និងការពង្រីកវិស័យយោធា៕