ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ នៃក្រសួងសុខាភិបាល បានក្រើនរម្លឹកដល់ទន្តបណ្ឌិត ទន្តពេទ្យ ដែលប្រកបវិជ្ជាជីវៈសុខាភិបាលទាំងអស់ ត្រូវគោរពក្រមសីលធម៌សុខាភិបាលឲ្យបានល្អ និងត្រូវតែគោរពស្រលាញ់ យកចិត្តទុកដាក់អតិថិជនគ្រប់ៗគ្នា ជាពិសេសកុំរើសអើងអ្នកមាន អ្នកក្រ ហើយត្រូវគិតថា ការឈឺចាប់របស់អ្នកជំងឺ គឺជាឈឺចាប់របស់យើងផងដែរ។

ក្នុងសន្និសីទ និងពិព័រណ៍ទន្តសាស្ត្រប្រចាំឆ្នាំលើកទី២២ ក្រោមប្រធានបទ "ការអភិវឌ្ឍន៍ឥតឈប់ឈរ នៃវិស័យទន្តសាស្ត្រជាសកល" នៅព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤នេះ ឯកឧត្តម ស៊ិក ប៊ុណ្ណា រដ្ឋលេខាធិការក្រសួងសុខាភិបាល បានមានប្រសាសន៍ថា អ្នកប្រកបវិជ្ជាជីវៈវិស័យសុខាភិបាលត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួនទៅតាមច្បាប់ស្តីពីការគ្រប់គ្រង និងប្រកបវិជ្ជាជីវៈសុខាភិបាល ជាពិសេសត្រង់មាត្រាទី៦ និងទី៧ ដែលចែងថា សម្រាប់មាត្រាទី៦ បុគ្គលទាំងឡាយដែលមានបំណងប្រកបវិជ្ជាជីវៈសុខាភិបាលត្រូវចុះបញ្ជីការនៅក្នុងគណៈវិជ្ជាជីវៈសុខាភិបាល។ ដោយឡែក មាត្រាទី៧ អ្នកប្រកបវិជ្ជាជីវៈសុខាភិបាលត្រូវមានអាជ្ញាប័ណ្ណប្រកបវិជ្ជាជីវៈសុខាភិបាលដែលមានសុពលភាព គោរពក្រមសីលធម៌បទដ្ឋានវិជ្ជាជីវៈលើវិជ្ជាជីវៈ និងត្រូវអនុវត្តការងារក្នុងដែនកំណត់វិជ្ជាជីវៈសុខាភិបាលរបស់ខ្លួន។

ជាមួយគ្នានេះ ពាក់ព័ន្ធវិស័យទន្តសាស្ត្រ ឯកឧត្តម បានគូសបញ្ជាក់ថា ដើម្បីធ្វើឲ្យប្រសើរឡើងថែមទៀតនូវវិស័យសុខាភិបាល ក៏ដូចជាង្កើនគុណភាព និងសមត្ថភាព ចាំបាច់ណាស់ដែលទន្តបណ្ឌិត ទន្តពេទ្យទាំងអស់ត្រូវខិតខំប្រឹងប្រែងសិក្សាជាបន្តបន្ទាប់នូវបច្ចេកវិទ្យាថ្មីៗពីបណ្តារៀមច្បង ដែលមានបទពិសោធន៍ច្រើនព្រមទាំងសហការជាមួយទន្តបណ្ឌិតអន្តរជាតិ ដើម្បីបង្កើននូវសមត្ថភាពខ្ពស់កាន់តែសុក្រិត្យថែមទៀត៕ អត្ថបទ៖ ឈិត បូរ៉ាវី

