បាល់ទាត់៖ ទីបំផុត Lionel Messi បានបញ្ចប់ការទន្ទឹងរង់ចាំឈ្នះពានលើកដំបូង ជាមួយក្រុមជំរើសជាតិអាហ្សង់ទីនក្រោយយកឈ្នះម្ចាស់ផ្ទះប្រេស៊ីល លើកពានបាល់ទាត់ជើងឯកទ្វីបអាមេរកខាងត្បូង Copa America។

កីឡាករវ័យ ៣៤ឆ្នាំរូបនេះបានលុតជង្គង់នឹងវាលស្មៅ នៅពេលលឺស្នូរកញ្ចែអាជ្ញាកណ្តាលផ្លុំបញ្ចប់ការប្រកួត អបជាមួយភាពសប្បាយរីករាយលាយទឹកភ្នែក។ នេះជាពានជើងឯកទ្វីបអាមេរិកខាងត្បូងសំរាប់អាហ្សង់ទីនក្នុងរយៈពេល ២៨ឆ្នាំ និងជាពានដំបូងរបស់ Messi ជាមួយក្រុមជម្រើសជាតិអាហ្សង់ទីនផងដែរ ខណៈខ្សែប្រយុទ្ធដែលផុតកុងត្រាជាមួយ Barcelona រូបនេះគឺជាកីឡាករឆ្នើមប្រចាំព្រឹត្តិការណ៍ Copa America ឆ្នាំនេះក្រោយរកបាន ៤គ្រាប់។ Angel Di Maria គឺជាអ្នកស៊ុតសំរេចគ្រាប់បាល់ជ័យជំនះ ឱ្យអាហ្សង់ទីនយកឈ្នះប្រេស៊ីល ខណៈអ្នកចាំទីអាហ្សង់ទីន Emi Martinez ជួយសង្គ្រោះបាល់សំខាន់ៗជាច្រើនពីការគ្របសង្កត់របស់ប្រេស៊ីល។ ផ្ទុយពី Messi អតីតរួមក្រុមនៅ Barcelona, Neymar បានទ្រហោយំ ខណៈអ្នកទាំងពីរឱបគ្នាយ៉ាងយូរក្រោយចប់ការប្រកួតជាមួយនឹងការអបអរ និងលើកទឹកចិត្តទៅវិញទៅមក។

ការប្រកួតនេះមានទស្សនិកជនចូលរួមទស្សនា ៧ពាន់នាក់ប៉ុណ្ណោះនៅកីឡដ្ឋាន Maracana ដោយសារតែវិបត្តិ Covid-19 ខណៈអ្នកគាំទ្រទាំង ៧ពាន់នាក់នោះសុទ្ធតែត្រូវបានអញ្ជើញឱ្យចូលរួម។ មកមើលស្ថិតិរបស់ Messi នៅ Copa America តាំងពីឆ្នាំ២០០៧ មកដល់ព្រឹត្តិការណ៍ចុងក្រោយនេះគេរកបានសរុប ១៣គ្រាប់ដោយក្នុងនោះឆ្នាំ២០០៧ ជាជើងឯករង, ឆ្នាំ២០១១ បានត្រឹមវគ្គ ៨ក្រុម, ឆ្នាំ២០១៥ ជើងឯករង, ឆ្នាំ២០១៦ ជើងឯករង, ឆ្នាំ២០១៩ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងឆ្នាំ២០២១ នេះជាជើងឯក។ ជើងឯក Copa America លើកនេះ ធ្វើឱ្យអាហ្សង់ទីនតាមទាន់អ៊ុយរូហ្កាយដែលឈ្នះជើងឯក Copa America ១៥ដងដូចគ្នា ខណៈប្រេស៊ីលឈ្នះសរុបត្រឹម ៩ដង៕
អត្ថបទ៖នាង សុភាវុធ