ខេត្តពោធិ៍សាត់ ៖ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយកម្មវិធីអាទិភាពទាំងបួន របស់ក្រសួងអភិវឌ្ឍន៍ជនបទ ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ ក្រោមអធិបតីភាព ឯកឧត្តម អ៊ិន ចន្ថា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ប្ញទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ។

លោក ធីម សុធារ៉ា ប្រធានមន្ទីរ បានឡើងមានមតិស្វាគមន៍ និងថ្លែងអំណរគុណ ជូនចំពោះ ឯកឧត្តមរដ្ឋមន្ត្រី តាមរយៈឯកឧត្តម រដ្ឋលេខាធិការ ដែលកន្លងមក តែងតែយកចិត្តទុកដាក់ខ្ពស់ ដល់មន្ត្រីរាជការរបស់មន្ទីរ តាមរយៈការចុះមកសំណេៈសំណាលដោយផ្ទាល់ និងបើកកិច្ចប្រជុំផ្សព្វផ្សាយកម្មវិធីនានារបស់ក្រសួង ដល់មន្ត្រីរាជការ ពិសេសការផ្សព្វផ្សាយកម្មវិធីអាទិភាពទាំងបួនរបស់ក្រសួងនាពេលនេះ។

ចំពោះខ្លឹមសារស្តីពីកម្មវិធីអាទិភាពទាំងបួន របស់ក្រសួងអភិវឌ្ឍន៍ជនបទរួមមាន៖ ១-ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ ២-ការកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ ៣-ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ និង៤-ពង្រឹងសេវាគាំទ្ររដ្ឋបាល និងកិច្ចការទូទៅ និងផែនការសកម្មភាពរបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត សម្រាប់ឆ្នាំ២០២៤ ។

ឯកឧត្តម អ៊ិន ចន្ថា បានវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការរបស់មន្ទីរ ដែលបានខិតខំយកចិត្តទុកដាក់ស្តាប់ និងចូលរួមជាមតិយោបល់យ៉ាងផុសផុល ដែលអាចសបញ្ជាក់ថាមន្ត្រីជំនាញតាមការិយាល័យនីមួយៗ កាន់តែបានយល់ច្បាស់អំពី ផែនការសកម្មភាពរបស់ខ្លួនដែលត្រូវអនុវត្តក្នុងឆ្នាំ២០២៤នេះតទៅ។ ជាមួយគ្នានោះដែរ ឯកឧត្តម បានបន្តលើកឡើងអំពីយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល អាណត្តិទី៧ ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញនូវបេសកកម្មជាប្រវត្តិសាស្ត្រ ដើម្បីពន្លឿនការអភិវឌ្ឍឈានឆ្ពោះទៅកាន់ចក្ខុវិស័យកម្ពុជា ជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០ តាមរយៈការដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដែលមានបាវចនា ៥ គឺ កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយផ្អែកលើអាទិភាពគន្លឹះចំនួន ៥ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល។ ក្នុងនោះដែរឯកឧត្តម អ៊ិន ចន្ថា សូមឲ្យមន្ត្រីរាជការគ្រប់ជាន់ថ្នាក់នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ ត្រូវបំពេញការងារតួនាទីប្រកបដោយភាពប្តូរផ្តាច់ សាមគ្គិភាព វិន័យ ឆន្ទះ បូករួម និងការលើកទឹកចិត្ត ដើម្បីបម្រើផលប្រយោជន៍ជូនជាតិមាតុភូមិនិងប្រជាជន ។

ក្រោយបញ្ចប់កិច្ចប្រជុំ ឯកឧត្តម អ៊ិន ចន្ថា រួមនិងលោក ធីម សុធារ៉ា និងមន្ត្រីជំនាញ បានអញ្ជើញចុះទៅពិនិត្យការដ្ឋានស្ថាបនាផ្លូវបេតុងប្រវែង១២០០ម៉ែត្រ និងលូកាត់ផ្លូវប្រវែង៨ម៉ែត្រ១កន្លែង ដែលកំពុងស្ថាបនានៅលើកំណាត់ផ្លូវត្រពាំងជង-បត់រំដួល ក្នុងស្រុកបាកាន ដែលស្ថិតក្នុងគម្រោងគ្រោះទឹកជំនន់ឆ្នាំ២០២៣ ដោយបច្ចុប្បន្នសម្រេចបាន៧៥ភាគរយ៕ អត្ថបទ៖ ភិរុណ ពៅ



