តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) បានចេញដីកាចាប់ខ្លួនមន្ត្រីជាន់ខ្ពស់រុស្ស៊ីចំនួនពីររូប។ តុលាការ បានធ្វើសេចក្តីប្រកាសនេះ កាលពីថ្ងៃអង្គារ។ រដ្ឋអាជ្ញាតុលាការព្រហ្មទណ្ឌអន្តរជាតិ(ICC) កំពុងចោទប្រកាន់ លោក សឺហ្កេ កូប៊ីឡាស់ (Sergei Kobylash) និងលោក វីកទ័រ សូកូឡូវ(Viktor Sokolov) ក្រោមការទទួលខុសត្រូវ ដែលគ្របដណ្តប់ការវាយប្រហារលើ «ទ្រព្យសម្បត្តិស៊ីវិល»។ ទាំងនោះរួមមាន គោលដៅមិនមែនយោធា ដូចជាលំនៅឋាន សាលារៀន ឬទីកន្លែងគោរពបូជា។

លោក Kobylash គឺជាប្រធានផ្នែកកងទ័ពអាកាសនៅក្នុងកងកម្លាំងអវកាសរុស្ស៊ី ហើយ លោក Sokolov បានបញ្ជាកងទ័ពជើងទឹកនៅសមុទ្រខ្មៅ នៅពេលនៃការវាយប្រហារដែលកំពុងស្ថិតក្រោមការស៊ើបអង្កេត ចន្លោះខែតុលា ឆ្នាំ ២០២២ ដល់ខែមីនា ឆ្នាំ ២០២៣។ ចៅក្រម និយាយថា មានហេតុផលសមស្រប ដើម្បីជឿថា អ្នកទាំងពីរទទួលខុសត្រូវចំពោះការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធអគ្គិសនី។

ប្រធានរដ្ឋអាជ្ញារបស់តុលាការ លោក Karim Khan បានធ្វើដំណើរទៅកាន់ប្រទេសអ៊ុយក្រែន ដើម្បីស៊ើបអង្កេតការខូចខាតបណ្តាញអគ្គិសនី។ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានស្វាគមន៍ចំពោះសេចក្តីសម្រេច របស់តុលាការ ដោយលោក បាននិយាយថា ឧក្រិដ្ឋកម្មសង្រ្គាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ របស់រុស្ស៊ី គឺជាក់ស្តែង ហើយ «ឃាតករត្រូវតែទទួលខុសត្រូវ» ។
រុស្ស៊ី ពុំមែនជាសមាជិកនៃតុលាការព្រហ្មទណ្ឌអន្តរជាតិ(ICC) នោះទេ ហើយមេដឹកនាំនៅវិមានក្រឹមឡាំង មិនទទួលស្គាល់អំណាចរបស់តុលាការនេះឡើយ។ ពួកគេទំនងជា មិនប្រគល់ជនសង្ស័យឲ្យទៅកាត់ទោស នៅទីក្រុងឡាអេ នោះទេ។
តុលាការ បានចេញដីកា កាលពីឆ្នាំមុន សម្រាប់ប្រធានាធិបតី លោក វ្ល៉ាឌីមៀ ពូទីន និងមន្ត្រីជាន់ខ្ពស់ម្នាក់ផ្សេងទៀត ជុំវិញការនិរទេសកុមារអ៊ុយក្រែនទៅកាន់ប្រទេសរបស់ពួកគេ ហើយរុស្ស៊ី បានសងសឹកចិញ ដោយចេញដីកាសម្រាប់ចៅក្រមនិងប្រធានរដ្ឋអាជ្ញាតុលាករព្រហ្មទណ្ឌអន្តរជាតិ(ICC) ។