ប្រធានាធិបតីបារាំងលោក អាម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) បានគាំទ្រផែនការរបស់សារធារណរដ្ឋឆេក ក្នុងការបញ្ជូនគ្រាបកាំភ្លើងធំចំនួន ៨00.000 គ្រាប់ ទៅកាន់ប្រទេសអ៊ុយក្រែនពីបណ្តាប្រទេសនៅក្រៅសហភាពអឺរ៉ុប ដើម្បីជួយប្រទេសនេះ ទប់ទល់នឹងការឈ្លានពានពេញទំហឹងរបស់រុស្ស៊ី។

លោកប្រធានាធិបតីបារាំង បានថ្លែងថា គំនិតផ្តួចផ្តើមរបស់ឆេក «មានប្រយោជន៍ខ្លាំងណាស់ យើងគាំទ្រវា យើងនឹងចូលរួមក្នុងផែនការនេះ»។
លោក បានបន្ថែមថា៖ «ប្រទេសនេះ បានស្វែងរកគ្រាប់រំសេវនៅគ្រប់ទីកន្លែងដែលមាន ហើយត្រូវគ្នាជាមួយនឹងឧបករណ៍ ដែលយើងបានបញ្ជូន [ទៅអ៊ុយក្រែន]»។

និយាយអំពីមធ្យោបាយក្នុងការស្វែងរកមូលនិធិ ដើម្បីផ្តល់ហិរញ្ញប្បទានដល់ផែនការរបស់ប្រទេសឆេក លោកម៉ាក្រុង បានស្នើថា វាអាចជា «ការប្រមូលផ្តុំទ្វេភាគី វាអាចជាកិច្ចសហប្រតិបត្តិការជាមួយភាគីទីបី និងការផ្តល់ហិរញ្ញប្បទានទ្វេភាគី»។
ប្រធានាធិបតីបារាំងរូបនេះ បានស្នើថា៖«វាអាចជាការផ្តល់ហិរញ្ញប្បទានរបស់អឺរ៉ុប ដែលជាឧបករណ៍សន្តិភាពអឺរ៉ុប ដែលអាចត្រូវបានប្រមូលផ្តុំជាផ្នែកសម្រាប់គំនិតផ្តួចផ្តើមនេះ»។
នៅក្នុងសន្និសិទសន្តិសុខទីក្រុងមុយនិច (Munich) ប្រធានាធិបតីឆេក លោក Petr Pavel បាននិយាយថា ប្រទេសនេះ បានរកឃើញវិធី ដើម្បីទទួលបានគ្រាប់កាំភ្លើងចំនួន ៨០០.000 ដែលខ្លួនអាចបញ្ជូនទៅកាន់អ៊ុយក្រែន ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ ប្រសិនបើការផ្តល់មូលនិធិដឹកជញ្ជូន ត្រូវបានផ្តល់ឲ្យនោះ។
ក្រសួងការពារជាតិឆេក បាននិយាយកាលពីមុនថា ខ្លួនកំពុងសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងនេះ ហើយបានទទួលការប្តេជ្ញាចិត្តពីមុនពីប្រទេសកាណាដា ដាណឺម៉ាក និងប្រទេសផ្សេងទៀតដែលមិនមានបំណងចង់បង្ហាញអត្តសញ្ញាណ។
ប្រទេសហូឡង់ ដែលបានផ្តល់២៥០លានអឺរ៉ូរួចហើយក្នុងការទិញគ្រាប់រំសេវ ហើយបែលហ្ស៊ិកដែលនឹងបរិច្ចាគ ២០០ លានអឺរ៉ូ បានប្រកាសជាសាធារណៈអំពីការចូលរួមរបស់ពួកគេ។