ភ្នំពេញ៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ស.ស.យ.ក វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤នេះ បានសហការគ្នារៀបចំវេទិកាការងារ និងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី៖ “ការត្រៀមខ្លួនចូលទីផ្សារការងារ" ដោយនាំយកក្រុមហ៊ុន/សហគ្រាសធំៗចំនួន២២ ផ្តល់ឱកាសការងារចំនួន ២ ៥២៥កន្លែង។
ឯកឧត្តមបណ្ឌិត នៀ សុផន សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច បានមានប្រសាសន៍ថា ការត្រៀមខ្លួនចូលទីផ្សារការងារ គឺជាយុទ្ធសាស្រ្តដ៏មានឧត្តមភាពសម្រាប់ និស្សិតដែលកំពុងសិក្សា ឬត្រៀមបញ្ចប់ការសិក្សា ក្នុងការត្រៀមខ្លួនស្វែងរកការងារធ្វើ។ ឯកឧត្តម បានផ្តាំផ្ញើដល់និស្សិតទាំងអស់ សូមយកចិត្តទុកដាក់ស្តាប់ និងកត់ត្រាទុកនូវចំណុចគន្លឹះសំខាន់ៗក្នុងការស្វែងរកការងារធ្វើ ដែលវាគ្មិនជំនាញៗនឹងចែករំលែកចំណេះដឹង និងបទពិសោធន៍នៅក្នុងសិក្ខាសាលា។
លោកស្រី អ៊ូច ជាចន្ទ័មល្លិកា ប្រធានទីភ្នាក់ងារជាតិមុខរបរ និងការងារ បានលើកឡើងថា វេទិកាការងារ និងសិក្ខាសាលាថ្ងៃនេះ គឺជាផ្នែកមួយនៃយន្តការផ្ដល់សេវាការងារសាធារណៈរបស់រាជរដ្ឋាភិបាល ក្នុងការផ្តល់ព័ត៌មានអំពីទីផ្សារការងារ ក៏ដូចជាការនាំយកឱកាសការងារឲ្យកាន់តែខិតជិតដល់យុវជន និងអ្នកស្វែងរកការងារ ដើម្បីបង្កើនលទ្ធភាពនៃការទទួលបានការងារកាន់តែឆាប់រហ័ស។ លោកស្រីបន្ថែមថា ទីភ្នាក់ងារជាតិមុខរបរ និងការងារ តែងតែរៀបចំវេទិកាការងារ ពិព័រណ៍ការងារ និងកិច្ចសម្ភាសការងារជាប្រចាំដើម្បីបង្កើតជាកន្លែងជួបជុំគ្នាដោយងាយស្រួលរវាងអ្នកស្វែងរកការងារធ្វើ និងនិយោជកដែលកំពុងត្រូវការជ្រើសរើសបុគ្គលិក អាចពិភាក្សា និងស្វែងយល់អំពីតម្រូវការជំនាញនៅក្នុងទីផ្សារការងារ។
ក្នុងឱកាសនោះដែរ លោស្រីក៏បានថ្លែងអំណរគុណដល់សាកលវិទ្យាល័យ ក៏ដូចជាគ្រឹះស្ថានអប់រំទាំងអស់ដែលតែងតែសហការយ៉ាងស្អិតរមួតជាមួយទីភ្នាក់ងារជាតិមុខរបរ និងការងារ និងពិសេសអរគុណចំពោះបណ្តាក្រុមហ៊ុន សហគ្រាសទាំងអស់ដែលគាំទ្រ និងតែងតែចូលរួមក្នុងព្រឹត្តិការណ៍ការងាររបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារនាពេលកន្លងមក។
ទីភ្នាក់ងារជាតិមុខរបរ និងការងារ បានបញ្ជាក់ថា សម្រាប់យុវជន សិស្ស-និស្សិត និងសាធារណៈជនទូទៅ ដែលមានបំណងចង់ស្វែងរកការងារ ឬផ្លាស់ប្តូរការងារកុំភ្លេចចូលរួម ដាក់ពាក្យសម្ភាសជាមួយតំណាងក្រុមហ៊ុនដោយផ្ទាល់ ហើយកុំភ្លេចរៀបចំខ្លួនឲ្យបានសមរម្យ មុននឹងចូលសម្ភាសន៍ដោយភ្ជាប់ជាមួយនឹងប្រវត្តិរូបសង្ខេប(CV) របស់ខ្លួនផងដែរ៕ ដោយ ៖ បូរ៉ាវី








