ភ្នំពេញ៖ លោក ហេង សំណាង ប្រធានក្រុមយុវជន សង្គមស៊ីវិល បានបង្ហាញនូវការអបអរសាទរ និងគាំទ្រយ៉ាងពេញទំហឹងចំពោះលទ្ធផលផ្លូវការ ការឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ នេះក្នុងនោះគណបក្សប្រជាជនកម្ពុជាទទួលបានលទ្ធផលសំឡេងឆ្នោតគាំទ្រយ៉ាងច្រើនលើសលប់ប្រមាណ ៩៥ ភាគរាយក្នុងអាសនៈព្រឹទ្ធសភា។
យោងតាមលទ្ធផលផ្លូវការ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសកាលពីថ្ងៃទី៥ ខែមីនានេះ គណបក្សប្រជាជនកម្ពុជាទទួលបានសំឡេងឆ្នោតគាំទ្រជិត ៩៥% ស្មើនឹង ៥៥ អាសនៈ ខណៈគណបក្សឆន្ទៈខ្មែរទទួលបាន៣អាសនៈ គណបក្សបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សកម្លាំងជាតិមិនទទួលបានអាសនៈឡើយ។
លោក ហេង សំណាង បានមើលឃើញថា ការបោះឆ្នោតព្រឹទ្ធសភា បានបិទបញ្ចប់ ប្រកបដោយភាពរលូន មានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ល្អ គ្មានអំពើហិង្សា និងអនុវត្តតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស និងយុត្តិធម៌។
លោកបន្តថា ការបោះឆ្នោតជ្រើសតំាងសមាជិកព្រឹទ្ធសភាជាការបោះឆ្នោតអសកលដែលមានសមាជិកសមាជិការដ្ឋសភា និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងតំណែងជាអង្គបោះឆ្នោត។ ការបោះឆ្នោតនេះ គឺបានអនុវត្តគោលការណ៍លទ្ធិប្រជាធិបតេយ្យដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជា ដោយបានរៀបចំការបោះឆ្នោតស្របតាមច្បាប់ជាធរមាន។ ខណៈដែលសុខសន្តិភាពនេះហើយ គឺជាមូលដ្ឋានគ្រឹះធ្វើឱ្យកម្ពុជាមានលទ្ធភាពក្នុងការពង្រឹងលទ្ធិប្រជាធិបតេយ្យ និងពន្លឿនការអភិវឌ្ឍប្រទេសជាតិ លើកកម្ពស់ជីវភាពពលរដ្ឋឱ្យមានការរីកចម្រើនជាលំដាប់។
លោក ហេង សំណាង ថ្លែងថា៖«ក្នុងនាមយើងខ្ញុំជាបណ្តុំអង្គការ សមាគម សង្គមស៊ីវិលនានា មានការជឿជាក់ថា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្ដី រួមនិងឥស្សរជនរបស់បក្សប្រជាជនជាច្រើនរូបទៀត ប្រទេសកម្ពុជាពីមួយអាណត្តិទៅមួយអាណត្តិនឹងមានការអភិវឌ្ឍ និងរីកចម្រើនជាលំដាប់ និងឥតឈប់ឈរ»៕ ដោយ ៖ ដារា








