ភ្នំពេញ ៖ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រី្តក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១១៣ ទិវានារីអន្តរជាតិ ៨មីនា ២០២៤ ក្រោមប្រធានបទ «ស្ត្រី និងក្មេងស្រីក្នុងបរិវត្តកម្មឌីជីថល Women and Girls in Digital Transformation» នាទីស្តីការក្រសួង ព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤។
ឯកឧត្តមសាស្រ្តាចារ្យ រដ្ឋមន្រី្ត សូមគាំទ្រ ទាំងស្រុងចំពោះប្រធានបទឆ្នាំ២០២៤នេះ ព្រោះថារាជរដ្ឋាភិបាលកម្ពុជា ក្រសួងកិច្ចការនារី ក្នុងកិច្ចសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ អង្គការ ដៃគូអភិវឌ្ឍ និងវិស័យ ឯកជន រួមទាំងបណ្តាញផ្សព្វផ្សាយ បាននឹងកំពុងរៀបចំយុទ្ធនាការអបអរសាទរខួប លើកទី១១៣ ទិវាអន្តរជាតិនារី ៨មីនា ២០២៤ ក្រោមប្រធានបទ «ស្ត្រី និងក្មេងស្រីក្នុងបរិវត្តកម្មឌីជីថល» ក្នុងគោលបំណងរំលេចនូវសក្កានុពល និងភាពចាំបាច់នៃការលើកកម្ពស់ការចូលរួម និងភាពជាតំណាងរបស់ស្រ្តី និងក្មេងស្រីក្នុងវិស័យឌីជីថលប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សា ផ្ទាល់ ព្រះមហាក្សត្រ (អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា) និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្រ្តី និងកុមារ បានផ្តោតការយកចិត្តទុកដាក់ជាពិសេសទៅលើសុខភាពរបស់មាតា ទារក និងកុមារ ដោយបានចេញអនុក្រឹត្យ កំណត់យកថ្ងៃទី២១ ខែកុម្ភៈ ជារៀងរាល់ឆ្នាំ ជាទិវាជាតិសុខភាពមាតា ទារក និងកុមារផងដែរ។ រាជរដ្ឋាភិបាល ក៏បានយកចិត្តទុកដាក់ខ្ពស់ និងបានផ្សព្វផ្សាយ ពីការងារយេនឌ័រយ៉ាងទូលំទូលាយលើគ្រប់វិស័យ នៅទូទាំងប្រទេស ដើម្បីឱ្យប្រជាពលរដ្ឋទាំងអស់ ជាពិសេសគឺស្រ្តីខ្លួនឯងយល់ពីតួនាទី និងសិទ្ធិរបស់ខ្លួន និងរួមគ្នារក្សាសន្តិភាព ដើម្បីអភិវឌ្ឍជាតិ ព្រមទាំងការប្រើប្រាស់សិទ្ធិនេះឱ្យបានសមស្របផងដែរ។ រាជរដ្ឋាភិបាលកម្ពុជាអាណត្តីទី៧ បានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ដែលរួមបញ្ចូលការងាររបស់ស្ត្រី ជាការចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ ហើយបានផ្តល់ឱកាស និងលើកទឹកចិត្តឱ្យស្រ្តីមានតួនាទី និងមុខដំណែងជាអ្នកគ្រប់គ្រង និងដឹកនាំចាប់តាំងពីថ្នាក់ក្រោមជាតិរហូតដល់ថ្នាក់ដឹកនាំកំពូល។ ជាក់ស្តែង យើងមានសមាសភាពជានារីនៅក្នុងជួរថ្នាក់ដឹកនាំចាប់ពី ឃុំ សង្កាត់ ស្រុក ខណ្ឌ រាជធានី ខេត្ត ក្រសួងស្ថាប័ន ជាងនេះទៅទៀត ក្នុងជួររាជរដ្ឋាភិបាល រដ្ឋសភា និងព្រឹទ្ធសភា។ ប្រសិនបើស្រ្តីជាមាតា មានសុខភាពល្អ នោះកូនស្វាមី និងគ្រួសារ ទាំងមូលក៏មានសុខភាពល្អ មានសុភមង្គល និងមានឱកាសចូលរួមសង្គមយ៉ាងពេញលេញក្នុងកិច្ចអភិវឌ្ឍន៍សង្គមជាតិដែរ។
ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា បានសង្កត់ធ្ងន់ថា ក្នុងការអនុវត្តគោលនយោបាយសមភាពយេនឌ័រ ក្រសួង សុខាភិបាល បានយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះការងាររបស់ស្ត្រីដោយបានផ្តល់អាទិភាពដល់ស្ត្រី ដែលមានសមត្ថភាព ឱ្យទទួលបាននូវមុខដំណែងសមស្របមួយ ក្នុងការងាររបស់ខ្លួន និងបានផ្តល់ឱកាសឱ្យស្ត្រីទៅចូលរួមក្នុងវគ្គបណ្តុះបណ្តាលបន្តជំនាញផ្សេងៗទាំងក្នុង និងក្រៅប្រទេសទៀតផង៕
អត្ថបទ ៖ រដ្ឋា













