ហែលទឹក៖ សហព័ន្ធខ្មែរកីឡាហែលទឹកកាលពីចុងសប្ដាហ៍កន្លងទៅ បានរៀបចំការប្រកួតបាល់ទឹកលក្ខណៈមិត្តភាពកម្សាន្តមួយ នៅមជ្ឈមណ្ឌលកីឡាហែលទឹកនៃពហុកីឡដ្ឋានជាតិមរតកតេជោ ដើម្បីអបអរសាទរទិវាហែលទឹកពិភពលោក- FINA World Aquatics Day ឆ្នាំ២០២១។

លោក ហែម គិរី អគ្គលេខាធិការសហព័ន្ធបានបញ្ជាក់ថា ការប្រកួតនេះធ្វើឡើងស្របពេលកីឡាករ-កីឡាការិនីជម្រើសជាតិ កំពុងប្រមូលផ្ដុំហ្វឹកហាត់លក្ខណៈបិទទ្វារស្រាប់ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។ ដូច្នេះសហព័ន្ធក៏ឆ្លៀតឱកាសរៀបចំការប្រកួត ដើម្បីអបអរទិវាហែលទឹកពិភពលោកតែម្ដង ក្រោយពន្យារពេលអស់ជាង ១ខែ។ ចំពោះការជ្រើសរើសយកវិញ្ញាសាកីឡាបាល់ទឹកមករៀបចំការប្រកួតនេះដែរ គឺក្នុងគោលបំណងបំផុសការចាប់អារម្មណ៍ និងជំរុញការអភិវឌ្ឍវិស័យកីឡាបាល់ទឹកនេះឲ្យកាន់តែរីកចម្រើន ស្របតាមការណែនាំរបស់ឯកឧត្តមទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល ប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក។

គួរដឹងថា បច្ចុប្បន្នក្រុមជម្រើសជាតិកីឡាហែលទឹក ក៏ដូចជាកីឡាមួយចំនួនទៀតកំពុងបិទទ្វារហ្វឹកហាត់ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ដើម្បីត្រៀមចូលរួមការប្រកួតអន្តរជាតិនានា ពិសេសត្រៀមស៊ីហ្គេមឆ្នាំ២០២១ នៅវៀតណាមដែលទើបពន្យារពេលទៅខែមេសា និងដើមខែឧសភា ឆ្នាំ២០២២ បន្ទាប់ពីពហុកីឡដ្ឋានជាតិ ឬស្ដាតអូឡាំពិកត្រូវបានយកធ្វើជាកន្លែងសម្រាកព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាល៕
អត្ថបទ៖ លី ឈុនឡា
