ភ្នំពេញ ៖ សាលារាជធានីភ្នំពេញនាថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤ បានប្រារព្ធពិធីអបអរសាទរខួបលើកទី១១៣ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៤ ក្រោមប្រធានបទ ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល នៅសាលារាជធានី ក្រោមអធិបតីភាពឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានី។
ឯកឧត្តម ឃួង ស្រេង មានប្រសាសន៍ថា ការប្រារព្ធទិវាអន្តរជាតិនារី ៨ មីនា ក្នុងឆ្នាំនេះ ធ្វើឡើងក្រោមប្រធានបទ “ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល" ដែលជាប្រធានបទមួយ មានគោលបំណងរំលេចអំពីសក្តានុពល និងភាពចាំបាច់នៃការលើកកម្ពស់ការចូលរួម និងភាពជាតំណាងរបស់ស្ត្រី និងក្មេងស្រី ក្នុងវិស័យឌីជីថល ប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព ដើម្បីឆ្លើយតបទៅនឹងបរិបទនៃការវិវឌ្ឍរបស់សេដ្ឋកិច្ចសង្គម ស្របទៅនឹងចក្ខុវិស័យដែលបានចង្អុលបង្ហាញនៅក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា និងក្របខណ្ឌគោលនយោបាយក្នុងការលើកកម្ពស់សមភាពយេនឌ័រ ដើម្បីបង្កើនភាពអង់អាចដល់ស្ត្រី និងក្មេងស្រីនៅកម្ពុជា។
ឯកឧត្តម ឃួង ស្រេង បន្ថែមថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជានិច្ចកាលតែងគាំទ្រលើកកម្ពស់ និងជំរុញនារីកម្ពុជាឱ្យចូលរួមក្នុងសកម្មភាពអភិវឌ្ឍជាតិ មាតុភូមិ តាមរយៈការបង្កើនចំនួនស្ត្រីជាមន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីមុខងារសាធារណៈ ក្នុងមុខតំណែងជាថ្នាក់ដឹកនាំក្រសួង ស្ថាប័ន រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងមន្ទីរ អង្គភាពគ្រប់លំដាប់ថ្នាក់។ នារី ក្នុងរចនាសម្ព័ន្ធរដ្ឋបាលរាជធានីភ្នំពេញ បានសហការចូលរួម ជ្រោមជ្រែងបំពេញភារកិច្ច
ជូនជាតិមាតុភូមិពីដំណាក់កាលមួយទៅដំណាក់កាលមួយ ជាពិសេសការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ច ដោយមិនខ្លាចនឿយហត់ និងបានចូលរួមចំណែកជាច្រើនក្នុងសកម្មភាពសង្គម សកម្មភាពមនុស្សធម៌ និងការអភិវឌ្ឍរាជធានីភ្នំពេញ រហូតទទួលបានជោគជ័យយ៉ាងធំធេងជាបន្តបន្ទាប់។ បច្ចុប្បន្ននេះ នារីនៅតែជាដៃគូមិនអាចខ្វះបាន និងបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងដំណើរការអភិវឌ្ឍជាតិមាតុភូមិ។ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចូលរួមចំណែកលើកកម្ពស់សិទ្ធិនារី និងកុមារយ៉ាងសំខាន់ ក្នុងការ ទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ ការធ្វើអាជីវកម្មផ្លូវភេទលើស្ត្រី និងកុមារ ការប្រយុទ្ធប្រឆាំងគ្រឿងញៀន ការយកចិត្តទុកដាក់លើទុរគតជន ក្មេងកំព្រា និងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ព្រមទាំងសកម្មភាពមនុស្សធម៌ជាច្រើនទៀត។
ឯកឧត្តម ឃួង ស្រេង បន្តថា នៅសាលារាជធានីភ្នំពេញ មានមន្ត្រីរាជការក្របខណ្ឌសរុបចំនួន ២៩៧ រូប ក្នុងនោះនារីមាន ចំនួន ១០៣ រូប ស្មើនឹង ៣៤,៧% កំពុងកាន់មុខតំណែងជាសមាជិកាក្រុមប្រឹក្សារាជធានី អភិបាលរងរាជធានី នាយករងរដ្ឋបាល អនុប្រធានការិយាល័យប្រជាពលរដ្ឋ នាយិកា នាយិការងទីចាត់ការអង្គភាព និងថ្នាក់ការិយាល័យ ដោយបានបំពេញការងារ និងទទួលខុសត្រូវលើការដឹកនាំអង្គភាព គ្រប់គ្រងរដ្ឋបាល ជំនាញបច្ចេកទេស និងជាប្រតិបត្តិករជួរមុខ ក្នុងការផ្តល់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋយ៉ាងសកម្មបំផុត។ នាពេលបច្ចុប្បន្ននេះ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានវិទ្យា បានដើរតួនាទីកាន់តែសំខាន់ សម្រួលដល់ការប្រាស្រ័យទាក់ទង និងការផ្សារភ្ជាប់រវាងមនុស្សនិងមនុស្ស សង្គមនិងសង្គម ប្រទេសនិងប្រទេស គាំទ្រដល់ការ អភិវឌ្ឍសេដ្ឋកិច្ចសង្គមលើគ្រប់វិស័យ ប៉ុន្តែភាពរីកចម្រើន និងភាពសម្បូរបែបក្នុងបរិវត្តកម្មឌីជីថលនេះ មនុស្សគ្រប់ប្រភេទ និងគ្រប់អាយុ ជាពិសេសស្ត្រី និងក្មេងស្រី អាចនឹងក្លាយជាជនរងគ្រោះ ប្រសិនបើពួកគេមិនបានយល់ដឹងអំពីល្បិចបច្ចេកវិទ្យា ខ្វះសមត្ថភាពវិភាគ ឬខ្វះការការពារពីក្រុមគ្រួសារ និងសង្គមជាតិ ដូចជាការឆបោកតាមប្រព័ន្ធឌីជីថល ការជួញដូរស្ត្រី ក្មេងស្រី និងការបៀតបៀនតាមរូបភាពផ្សេងៗ ដែលធ្វើឱ្យប៉ះពាល់ដល់តម្លៃស្ត្រីខ្មែរជាដើម៕
អត្ថបទ ៖ ប្រាក់ វ៉ាន់ដា









