
អង្គការឧតុនិយមពិភពលោក (WMO) បាននិយាយកាលពីថ្ងៃអង្គារ (០៥ មីនា) ថាគំរូអាកាសធាតុ អ៊ែលនីញ៉ូ (El Nino) បានចាប់ផ្តើមចុះខ្សោយ ប៉ុន្តែនឹងបន្តជំរុញកំណើនសីតុណ្ហភាពជាមធ្យមនៅទូទាំងពិភពលោក។
អ្នកនាំពាក្យរបស់អង្គការឧតុនិយម WMO លោកស្រី ឃ្លែរ នូលលីស (Claire Nullis) បាននិយាយថាគំរូអាកាសធាតុ អ៊ែលនីញ៉ូ បានឡើងដល់ចំណុចខ្ពស់បំផុតក្នុងខែធ្នូ ហើយឥឡូវនេះវាកំពុងចុះខ្សោយបន្តិចម្តងៗ ប៉ុន្តែជាក់ស្តែងវានឹងនៅតែបន្តជះឥទ្ធិពលដល់អាកាសធាតុពិភពលោកក្នុងប៉ុន្មានខែខាងមុខនេះ»។
គំរូអាកាសធាតុ អ៊ែលនីញ៉ូ គឺជាបាតុភូតអាកាសធាតុដែលកើតឡើងដោយធម្មជាតិ ដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងការរំខាននៃចរន្តខ្យល់ ដែលមានន័យថាសីតុណ្ហភាពលើផ្ទៃមហាសមុទ្រកាន់តែក្តៅខ្លាំងនៅភាគខាងកើត និងកណ្តាលប៉ាស៊ីហ្វិក។
អ៊ែលនីញ៉ូ ដែលកើតឡើងជាមធ្យមរៀងរាល់ ២ ទៅ ៧ ឆ្នាំម្ដង ជាធម្មតាមានរយៈពេលពី ៩ ទៅ ១២ ខែ ហើយអាចបង្កឱ្យមានបាតុភូតអាកាសធាតុធ្ងន់ធ្ងរដូចជាភ្លើងឆេះព្រៃ ព្យុះស៊ីក្លូនត្រូពិច និងគ្រោះរាំងស្ងួតដ៏អូសបន្លាយជាដើម៕