
ក្រុមសមាជិកសភាអាមេរិក ពីរក្រុមបានដាក់ចេញច្បាប់មួយកាលពីថ្ងៃអង្គារ (០៥ មីនា) ក្នុងការផ្តល់ឱ្យក្រុមហ៊ុន បៃឌែនស៍ (ByteDance) របស់ប្រទេសចិន រយៈពេលប្រហែលប្រាំមួយខែដើម្បីលក់កម្មវិធីវីដេអូខ្លីដ៏ពេញនិយម ទីកតុក (TikTok) បើមិនដូច្នេះទេនឹងប្រឈមនឹងការហាមឃាត់របស់សហរដ្ឋអាមេរិកដោយស្វះស្វែងរកការដោះស្រាយកង្វល់សន្តិសុខជាតិអំពីកម្មសិទ្ធិរបស់ចិនលើកម្មវិធីវីដេអូកម្សាន្តមួយនេះ។
សេចក្តីព្រាងច្បាប់ ដែលត្រូវបានគេរំពឹងថានឹងបោះឆ្នោតដំបូងនៅថ្ងៃព្រហស្បតិ៍ (០៧ មីនា) នេះ គឺជាចលនានីតិប្បញ្ញត្តិដ៏សំខាន់លើកដំបូងក្នុងរយៈពេលជិតមួយឆ្នាំឆ្ពោះទៅរកការហាមឃាត់ ឬបង្ខំក្រុមហ៊ុន បៃឌែនស៍ ឱ្យលក់កម្មវិធីដ៏ពេញនិយមមួយនេះ បន្ទាប់ពីច្បាប់ព្រឹទ្ធសភាដែលហាមឃាត់ TikTok បានជាប់គាំងនៅក្នុងសភាកាលពីឆ្នាំមុន។
សំណើច្បាប់នេះនឹងផ្តល់ឱ្យក្រុមហ៊ុន បៃឌែនស៍ រយៈពេល ១៦៥ ថ្ងៃដើម្បីលក់ TikTok ដែលត្រូវបានប្រើប្រាស់ដោយជនជាតិអាមេរិកជាង ១៧០ លាននាក់ បើមិនដូច្នេះទេច្បាប់នេះនឹងផ្ដល់ភាពខុសច្បាប់លើកម្មវិធីទាញយក ដែលដំណើរការដោយក្រុមហ៊ុន Apple ក្រុមហ៊ុន Google និងក្រុមហ៊ុនផ្សេងទៀត ក្នុងការដាក់អេប TikTok ឱ្យអ្នកប្រើប្រាស់ទាញយក ឬផ្តល់សេវាកម្មដល់អេបផ្សេងទៀត ដែលគ្រប់គ្រងដោយ បៃឌែនស៍។
ទោះជាយ៉ាងណាក៏ដោយ សេចក្ដីស្នើច្បាប់នេះនឹងមិនអនុញ្ញាតឱ្យមានការអនុវត្តណាមួយប្រឆាំងនឹងអ្នកប្រើប្រាស់នៃកម្មវិធី ដែលរងផលប៉ះពាល់នេះទេ៕