
មេដឹកនាំក្រុមជនអន្ធពាលរបស់ប្រទេសហៃទី លោក ជីមមី ឆឺរីហ្សឺ (Jimmi Cherizier) បាននិយាយកាលពីថ្ងៃអង្គារ (០៥ មីនា) ថាប្រទេសនេះនឹងធ្លាក់ចូលទៅក្នុង «សង្រ្គាមស៊ីវិលដែលនឹងបញ្ចប់ដោយការប្រល័យពូជសាសន៍» ប្រសិនបើលោកនាយករដ្ឋមន្ត្រី អារៀល ហិនរី (Ariel Henry) នៅតែកាន់អំណាច។
លោក ឆឺរីហ្សឺ បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយក្នុងរដ្ឋធានីព័រអូប្រាំង ថាសហព័ន្ធដែលប្រមូលផ្តុំក្រុមជនអន្ធពាលហៃទីឡើងវិញ វីវរ៉េ អែនសែមប៊ល (Vivre Ensemble) នឹងប្រយុទ្ធដើម្បីផ្តួលរំលំលោក ហិនរី និងបង្កើតប្រព័ន្ធថ្មីមួយនៅក្នុងប្រទេសហៃទី។
នាយករដ្ឋមន្ត្រីប្រទេសហៃទី លោក អារៀល ហិនរី បានទៅដល់ប្រទេសព័រតូរីកូ កាលពីថ្ងៃអង្គារ ខណៈសំណួរជាច្រើនអំពីមូលហេតុដែលលោកមិនត្រឡប់ទៅហៃទី បានកើនឡើងខ្លាំង ស្របពេលកំណើនអំពើហិង្សាក្រុមជនអន្ធពាល។
ស្ថានភាពសន្តិសុខដ៏ផុយស្រួយរបស់ហៃទី បានកាន់តែអាក្រក់ទៅៗកាលពីចុងសប្តាហ៍ ខណៈដែលលោក ហិនរី ស្ថិតនៅក្នុងប្រទេសកេនយ៉ា ដើម្បីចងសម្ព័ន្ធភាពសម្រាប់ការដាក់ពង្រាយកងទ័ពបរទេសដើម្បីស្តារសណ្តាប់ធ្នាប់ឡើងវិញ។
កាលពីថ្ងៃអាទិត្យ រដ្ឋាភិបាលហៃទី បានប្រកាសដាក់ប្រទេសក្នុងភាពអាសន្នបន្ទាប់ពីអ្នកទោសរាប់ពាន់នាក់បានរត់គេចខ្លួនក្នុងការហែកពន្ធនាគារធំចំនួនពីរ៕