
នគរបាលកូរ៉េខាងត្បូង នៅថ្ងៃពុធ (ទី៦ ខែមីនា) នេះ បានហៅគ្រូពេទ្យម្នាក់ទៅសាកសួរ ពោលគឺជាគ្រូពេទ្យដំបូងគេដែលត្រូវបានកោះហៅទាក់ទងនឹងកូដកម្មដ៏ធំរបស់ក្រុមគ្រូពេទ្យហាត់ការ ដោយការដើរចេញមិនធ្វើការនេះបានធ្វើឲ្យមន្ទីរពេទ្យច្របូកច្របល់។
គួរបញ្ជាក់ថា គ្រូពេទ្យហាត់ការរាប់ពាន់នាក់បានចាកចេញឈប់ធ្វើការ កាលពី ២សប្តាហ៍មុន ដើម្បីតវ៉ាប្រឆាំងនឹងផែនការរបស់រដ្ឋាភិបាល ក្នុងការបង្កើនការចុះឈ្មោះចូលរៀននៅសាលាពេទ្យ ដែលគម្រោងនោះមានបំណងជួយដោះស្រាយសង្គម ដែលមានប្រជាជនវ័យចំណាស់យ៉ាងឆាប់រហ័សរបស់ប្រទេសកូរ៉េខាងត្បូង។
រដ្ឋាភិបាលបានហៅការឈប់ពីការងារនេះថា ខុសច្បាប់ ហើយបន្ទាប់ពីកាលកំណត់ នៅថ្ងៃទី២៩ ខែកុម្ភៈបានកន្លងផុតទៅ ដោយមិនមានការវិលត្រឡប់ពីក្រុមគ្រូពេទ្យទាំងនោះ ទីក្រុងសេអ៊ូលបាននិយាយថា ខ្លួនកំពុងចាត់វិធានការព្យួរអាជ្ញាប័ណ្ណវេជ្ជសាស្ត្ររបស់ក្រុមគ្រូពេទ្យដែលធ្វើកូដកម្មនោះ ហើយបានអំពាវនាវឲ្យមានការស៊ើបអង្កេតលើអ្នករៀបចំ។
សមាគមគ្រូពេទ្យកូរ៉េ (KMA) ដែលនាំមុខគេក្នុងការតវ៉ា ដោយអះអាងថា កំណែទម្រង់នេះនឹងធ្វើឲ្យខូចគុណភាពសេវាកម្មនោះ បានឃើញថា ការិយាល័យរបស់ខ្លួនត្រូវបានឆ្មក់ចូល ដោយសមាជិកជាន់ខ្ពស់ត្រូវបានប្តឹងពីបទបំពានច្បាប់ពេទ្យ និងហាមប្រាមធ្វើដំណើរ។
វេជ្ជបណ្ឌិតឈ្មោះ Joo Soo-ho របស់ KMA ត្រូវបានចោទប្រកាន់ពីបទ «ជួយគាំទ្រ» ការតវ៉ា ហើយលោកបានបង្ហាញខ្លួននៅទីភ្នាក់ងារនគរបាលទីក្រុងសេអ៊ូល ដើម្បីទទួលការសាកសួរ នៅថ្ងៃទី៦ ខែមីនានេះ។ គ្រូពេទ្យផ្នេកវះកាត់វ័យ ៦៥ឆ្នាំរូបនេះ បានប្រាប់អ្នកសារព័ត៌មាន មុនពេលលោកចូលទៅខាងក្នុងថា៖ «ខ្ញុំមកទីនេះដោយស្រួលៗ ព្រោះខ្ញុំគ្មានអ្វីត្រូវលាក់បាំងនោះទេ»៕