កំពង់ចាម៖ សមាគមយុវជនក្រុម៨ តាមរយៈលោកបណ្ឌិត ម៉ឹង មករា បាននាំយកបច្ច័យ ទេយ្យទាន និងស្បៀងអាហារជាអំណោយរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ប្រគេនព្រះសង្ឃដែលគង់នៅចំនួន១៦វត្ត នៅស្រុកជើងព្រៃ ខេត្ដកំពង់ចាម កាលពីថ្ងៃម្សិលមិញនេះ។
សូមជម្រាបថា បច្ចុប្បន្នសមាគមយុវជនក្រុម៨ ក្រោមការដឹកនាំរបស់លោបណ្ឌិត ម៉ឹង មករា បានរួមចំណែកក្នុងការជួយដល់កិច្ចការមនុស្សធម៌ជាច្រើន ដូចជា វិស័យសុខាភិបាល វិស័យអប់រំ វិស័យកសិកម្ម និងការកសាងហេដ្ឋារចនាសម្ព័ន្ធជូនប្រជាពលរដ្ឋនៅជនបទជាដើម។
សមាគមយុវជនក្រុម៨ ក៏តែងតែយកចិត្តទុកដាក់ជួយឧបត្ថម្ភគ្រឿងឧបភោគបរិភោគដល់គ្រួសារទីទាល់ក្រ ជនពិការ ចាស់ជរា សាងសង់ទីជម្រកជូនប្រជាពលរដ្ឋទីទាល់ក្រ ព្រមទាំងប្រគេននូវបច្ច័យ ម្ហូបអាហារ និងទេយ្យទានផ្សេងៗទៀតទៅដល់វត្តអារាមនានា ដែលខ្វះខាតចង្ហាន់សម្រាប់ព្រះសង្ឃ ក៏ដូចជាលោកតា លោកយាយចាស់ៗ ដែលស្នាក់នៅក្នុងវត្ត ពិសេសក្នុងកំឡុងវិបត្តិនៃជំងឺឆ្លងកូវីដ-១៩ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅតាមជនបទ។
ទេយ្យទានដែលត្រូវបានប្រគេន រួមមាន៖ បច្ច័យចំនួន ៥,២២០,០០០រៀល, អង្ករ ២០០០គីឡូក្រាម, ទឹកបរិសុទ្ធ ១១០កេស និង៤០យួរ, ប្រេងឆា ១១កេស, មី ៤២កេស, ត្រីខ ៣៦យួរ, ទឹកត្រី ៤៥យួរ, ទឹកស៊ីអ៊ីវ ៤៥យួរ, ស្ករស ៣០គីឡូក្រាម, អំបិល ៥គីឡូក្រាម, តែ ២៦កញ្ចប់, ពងទាប្រៃ ២០០គ្រាប់, ទឹកផ្លែឈើ ១១កេស, ទឹកដោះគោខាប់ ៤០កំប៉ុង, ទឹកដោះគោឆៅ ១ឡូ, ទៀនវស្សា ៤គូរ និង ស្លាដក់ ២ឈុត៕
អត្ថបទ៖ កុម្ភះ






